ក្នុងបរិបទនៃការបិទព្រំដែនដោយឯកតោភាគីពីភាគីថៃក្នុងឆ្នាំ ២០២៥-២០២៦នេះ វិស័យកសិកម្មកម្ពុជានៅតែបន្តបង្ហាញពីភាពរឹងមាំ និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ទាំងលើការបើកច្រកទីផ្សារអន្តរជាតិថ្មីៗ និងការជំរុញទំហំទឹកប្រាក់នាំចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយស្រូបយកផលិតផលកសិកម្មរបស់ប្រជាកសិករ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។

ឯកឧត្តមបានមានប្រសាសន៍ថា ដោយមានការជួយជ្រោមជ្រែងពេញទំហឹងពីសម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល ក្រសួងកសិកម្មសម្រេចបានជោគជ័យក្នុងការចរចាបើកទីផ្សារសម្រាប់ការនាំចេញអង្ករទៅប្រទេសហ្វីលីពីនលើកដំបូង ព្រមទាំងការបើកទីផ្សារសម្រាប់នាំចេញផលិតផលចំនួន ៤ មុខថ្មីទៀតទៅប្រទេសចិន រួមមាន ធុរេន សំបុកត្រចៀកកាំ ក្រពើ និងមាន់ស្ងួត។ បន្ថែមពីលើនេះ ក្រសួងក៏សម្រេចបាននូវការបើកផ្លូវដឹកជញ្ជូនឆ្លងកាត់ព្រំដែនឡាវទៅប្រទេសចិន ដែលមានផលិតផលសរុបចំនួន ៦ មុខ ក្នុងនោះមាន ធុរេន មាន ដំឡូងមី អង្ករ ស្វាយ និងចេក ដែលនេះជាការបន្ថែមពីលើការបើកទីផ្សារកន្លងមក ដើម្បីជួយស្រូបយកផលិតផលកសិកម្មដែលបងប្អូនប្រជាកសិករខិតខំផលិតបាន។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្មបានគូសរំលេចអំពីលទ្ធផលជាក់ស្តែងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ វិស័យកសិកម្មបានបន្តរួមចំណែកយ៉ាងសំខាន់រហូតដល់ទៅជាង ១៦ភាគរយ នៃផលិតផលសរុបក្នុងស្រុក (GDP) ដែលក្នុងនោះតម្លៃបន្ថែមសរុបនៃវិស័យនេះបានកើនឡើងដល់ជាង ៨.៣ពាន់លានដុល្លារអាមេរិក។ ជាងនេះទៅទៀត កម្ពុជាបានសម្រេចការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិបានរហូតជិត ១៥លានតោន ដោយគ្របដណ្តប់លើ ៩៤ប្រទេសទូទាំងពិភពលោក ដែលគិតជាទឹកប្រាក់សរុបមានចំនួនជិត ៦.៥ពាន់លានដុល្លារអាមេរិក ហើយក្នុងនោះអនុវិស័យដំណាំតែមួយមុខបានដើរតួនាទីយ៉ាងសំខាន់ដាច់គេ ដោយដណ្តើមបានចំណែកនៃចំណូលរហូតដល់ទៅជាង ៥.៦ពាន់លានដុល្លារអាមេរិក៕

Share.