តាមរយៈសារ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ស្រូវពង្រួសរបស់កសិករប្រមាណ ១៨ ៣៦២ ហិកតារ ក្នុងស្រុកចំនួន២ គឺ ស្រុកឯកភ្នំ និងស្រុកសង្កែកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។ ក្នុងនោះ ស្រុកឯកភ្នំ មានស្រូវប៉ះពាល់ចំនួន ៧ ៧៦៩ ហិកតារ និងស្រុកសង្កែ មានស្រូវប៉ះពាល់ចំនួន ១០ ៥៩៣ ហិកតារ។

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំឱ្យបណ្តាថ្នាក់ដឹកនាំ នាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ត្រូវធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើការវាយតម្លៃ និងចាត់វិធានការត្រៀមបង្ការ។

ជុំវិញបញ្ហានេះ ប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបង លោក ឈឹម វជិរា បានប្រាប់សារព័ត៌មានត្រយងថា ដំណោះស្រាយជាបន្ទាន់ណាមួយគឺនៅមិនទាន់មាននៅឡើយទេ។ អ្វីដែលមន្ទីរកសិកម្ម និងមន្ទីធនធានទឹក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធអាចធ្វើបាន គឺបន្តតាមដាន និងចាត់វិធានការត្រៀមស្បៀង និងពូជជូនប្រជាពលរដ្ឋសម្រាប់ព្រួសស្ដារឡើងវិញ។

យោងតាមកាលលើកឡើងរបស់ប្រធានមន្ទីរ បញ្ហាប្រឈមគឺភូមិសាស្ត្រនៃតំបន់ដែលរងផលប៉ះពាល់គឺនៅដាច់ឆ្ងាយពីប្រភពទឹក (ស្ទឹងសង្កែ) ហើយមិនទាន់ទទួលបានប្រព័ន្ធធារាសាស្ត្រនៅឡើង ម៉្លោះហើយស្រូវស្រែតំបន់នោះ គឺពឹងតែលើទឹកភ្លៀងប៉ុណ្ណោះ។ លោករំពឹងថា ឥទ្ធិពលព្យុះបាវី នឹងអាចនាំទឹកភ្លៀងមកស្រោចស្រពដល់តំបន់ដែលរងផលប៉ះពាល់ខាងលើនេះផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី៩ ឈ្មោះ៖ បារី (Bavi) T2609 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល់ សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ បារី នេះទេ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ៖

១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។

២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០%។

៣. តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕

Share.