សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ព្រមទាំងផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤ ក្នុងបរិយាកាសដ៏អធិកអធម និងពោរពេញដោយស្នាមញញឹម។

អង្គការមិនស្វែងរកប្រាក់ចំណេញមួយនេះ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ ដោយលោក គ្រីសស្យង់ (Christian des Pallières) និងលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des Pallières) ក្នុងគោលបំណងយ៉ាងច្បាស់លាស់ គឺការជួយសង្គ្រោះកុមារក្រីក្របំផុត ឱ្យចាកផុតពីភាពក្រីក្រ តាមរយៈការផ្តល់ការអប់រំចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមធ្យមរៀងរាល់ឆ្នាំ អង្គការ PSE បានផ្តល់ជំនួយដល់កុមារក្រីក្រ និងងាយរងគ្រោះជិត ៧,០០០នាក់ ដោយធានាឱ្យពួកគេទទួលបានទាំងការស្នាក់នៅ អាហារូបត្ថម្ភ ការអប់រំចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈប្រកបដោយគុណភាព។

ក្រោយពីបានបញ្ចប់ការសិក្សា និងការបណ្តុះបណ្តាលពីអង្គការ PSE យុវជនទាំងនោះទទួលបាននូវសមត្ថភាពពេញលេញ ក្នុងការចូលរួមបម្រើការងារតាមបណ្តាវិស័យផ្សេងៗនៅក្នុងទីផ្សារពលកម្មកម្ពុជា ហើយសិស្ស-និស្សិតមួយចំនួន ក៏មានឱកាសចេញទៅបំពេញការងារនៅតាមបណ្តាប្រទេសនានាលើឆាកអន្តរជាតិផងដែរ ដែលនេះស្តែងឱ្យឃើញពីគុណភាពនៃការបណ្តុះបណ្តាលស្តង់ដារខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម។

ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ អង្គការ PSE បានដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព។ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់អង្គការ PSE មិនត្រឹម​តែបានផ្តល់ឱកាស និងអនាគតថ្មីដល់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ជាតិមាតុភូមិទាំងមូលផងដែរ៕

https://troryorng.com/
Share.