ដោយទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ចុះជួយពង្រឹងអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានដឹកនាំកិច្ចប្រជុំវិសាមញ្ញ នឹងផ្សព្វផ្សាយអំពីផែនការរបស់ស្នងការដ្ឋាន។

ពិធីនេះប្រារព្ធធ្វើឡើង នៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដោយមានការចូលរួមពី លោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុក លោក វរសេនីយ៍ អនុសេនីយ៍ អធិការរង នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ សរុប ២៣នាក់។

បន្ទាប់ពីស្ដាប់របាយការណ៍របស់ លោកវរៈសេនីយ៍ទោ អុន កាថន រាយការណ៍អំពីសភាពការណ៍ និងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងមូលដ្ឋាននោះរួចមក។




ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ក្នុងនាមតំណាង លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការមួយចំនួនដូចជាៈ
១.គ្រប់ផ្នែកជំនាញនិងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវត្រួតពិនិត្យការប្រមូលផ្ដុំស្នាក់ នៅដោយខុសច្បាប់របស់ជនបរទេសនិងបង្ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scams)។
២.ការងារព្រហ្មទណ្ឌ ដំឡើងបញ្ញីគ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ ដូចជាចោរកម្ម ចោរឆក់ ចោរលួច ជាពិសេសក្រុមក្មេងទំនើង។
៣.ការងារអត្តសញ្ញាណកម្ម មុននឹងធ្វើសៀវភៅ និងអត្តសញ្ញាណបណ្ណ ត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ ប្រយ័ត្នផ្តល់ជូនប៉ះជនរបរទេស។
៤ការងារគ្រឿងញៀន ត្រូវតាមដាន និងទប់ស្កាត់រាល់បទល្មើសជួញដូរគ្រឿងញៀនគ្រប់ប្រភេទ។
៥.ការងារចរាចរណ៍ គ្រប់គ្រងយានយន្តក្នុងមូលដ្ឋាន បន្តការស្រាវជ្រាវរកយានយន្ត ដែលបង្ករការគ្រោះថ្នាក់ហើយរត់គេចខ្លួន។
៦.ការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវសហការជាមួយភូមិ ឃុំ ដើម្បីបង្កាប និងទប់ស្កាត់បទល្មើសនៅក្នុងភូមិសាស្ត្រ ពង្រឹងការងារនគរបាល និងសហគមន៍។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានណែនាំដល់ នគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកទាំងអស់ ត្រូវពង្រឹងការគោរពវិន័យ មានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានឲ្យបានស្អិតរមួត មានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

