ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារសៀលថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ស្តីពីការពង្រឹងការងារគ្រប់គ្រង ការងារបច្ចេកទេស និងគុណភាព ព្យា​បាល​វះកាត់ ដោយផ្តោតសំខាន់លើសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ជូនដល់អ្នកជំងឺដែលមកទទួលសេវាថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យ។

នៅក្នុងឱកាសសប្តាហ៍នេះផងដែរ មន្ទីរពេទ្យបានរៀបចំការបង្ហាញអំពីករណីជំងឺស្មុគស្មាញ ឬហៅថា Grand RCP ដែលមានការអញ្ជើញចូលរួមជជែកពិភាក្សាយ៉ាងផុសផុលពីសំណាក់សាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងរួមគ្នាដោះស្រាយ កំណត់រោគវិនិច្ឆ័យ ព្រមទាំងស្វែងរកវិធីសាស្ត្រព្យាបាលឱ្យបានត្រឹមត្រូវ និងល្អបំផុតជូនដល់អ្នកជំងឺ។

ទន្ទឹមនឹងកិច្ចប្រជុំនេះដែរ ឯកឧត្តមសាស្រ្តានាយក ក៏បានពាំនាំនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីផ្សព្វផ្សាយ និងដាស់តឿនដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពការងារបច្ចេកទេសក្នុងការបម្រើសេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺ។ បន្ថែមលើនេះ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើការមានសតិសម្បជញ្ញៈ និងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ក្នុងការធ្វើរោគវិនិច័្ឆយ និងផ្តល់ការព្យាបាលជូនអ្នកជំងឺឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលាបំផុត។

កិច្ចប្រជុំដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមពីលោកនាយករងមន្ទីរពេទ្យ ប្រធាននិងអនុប្រធានការិយាល័យទាំងបី សាស្រា្តចារ្យជំនួយការបច្ចេកទេស ទីប្រឹក្សាបច្ចេកទេសគ្រប់ផ្នែក នាយផ្នែកគ្រប់ផ្នែកទាំងអស់ ប្រធាននិងអនុប្រធាននាយប្រចាំការ ព្រមទាំងវេជ្ជបណ្ឌិតដែលពាក់ព័ន្ធនឹងការប្រជុំ Grand RCP នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតយ៉ាងច្រើនកុះករ។

https://troryorng.com/
Share.