ភ្នំពេញ៖ វរសេនីយ៍ត្រី ជុំ សំផា ប្រធានការិយាល័យអាមេរិក អឺរ៉ុប អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ចំណុះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ញើព័ត៌មានមកកាន់សារព័ត៌មាន ដោយលើកឡើងពីការប្រមូលថវិកាប្រចាំខែ ការចាត់តាំងចូលរួមវគ្គបណ្តុះបណ្តាល និងការចេញលិខិតព្រមាន ដែលលោកអះអាងថា បានប៉ះពាល់ដល់សិទ្ធិ និងការងាររបស់លោក។ ទន្ទឹមនឹងនេះ លោកបានស្នើឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងស៊ើបអង្កេតលើករណីនេះ។
សូមចុចអាន៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ មន្រ្តីនគរបាលមិនអាចអន្តរាគមន៍លើករណីដែលខ្លួនពាក់ព័ន្ធបានឡើយ

តាមការលើកឡើងរបស់វរសេនីយ៍ត្រី ជុំ សំផា ក្រោយផ្ទេរមកបំពេញការងារនៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោកត្រូវបានស្នើឱ្យចូលរួមបង់ថវិកាជួយនាយកដ្ឋាន។ លោកអះអាងថា ដំបូងលោកបានបដិសេធ ប៉ុន្តែក្រោយមកបានសម្រេចផ្ទេរប្រាក់ចំនួន ១០ម៉ឺនរៀលក្នុងមួយខែ ដោយជឿថា ជាការជួយដល់នាយកដ្ឋាន និងដើម្បីកាត់បន្ថយសម្ពាធលើការងាររបស់លោក។ លោកបញ្ជាក់បន្ថែមថាថវិកានេះមិនមែនសម្រាប់យកទៅបង់សម្រាប់ការងារសង្គមផ្សេងៗ អីនោះទេ គឺផ្ដល់ជូនបុគ្គលតែម្ដង ខណៈបង់សម្រាប់ការងារសង្គមផ្សេងៗ ប្រចាំខែ គឺលោកបានបង់ប្រមាណជា៣ម៉ឺនរៀលក្នុង១ខែផ្សេងទៀត។



លោកវរសេនីយ៍ត្រីក៏បានអះអាងថា លោកត្រូវបានចាត់ឱ្យចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ទាំងក្នុង និងក្រៅប្រទេស ដែលប៉ះពាល់ដល់ជីវភាពគ្រួសារ។ លោកបន្តថា ទោះបានចូលរួមបង់ថវិកាក៏ដោយ លោកនៅតែត្រូវបានចាត់តាំងឱ្យចូលរួមវគ្គបណ្តុះបណ្តាល និងក្រោយមកត្រូវបានចេញលិខិតព្រមាន បន្ទាប់ពីលោកធ្វើដំណើរទៅប្រទេសវៀតណាម និងពន្យារពេលចូលបំពេញការងារ ដោយសារទៅពិនិត្យ និងព្យាបាលជំងឺក្រពះ។
លោកវរសេនីយ៍ត្រី ជុំ សំផា បានបញ្ជាក់បន្ថែមថា ការប្រមូលថវិកាដែលលោកបានលើកឡើង មិនមែនមានតែលោកម្នាក់ជាអ្នកចូលរួមនោះទេ ប៉ុន្តែមានមន្ត្រីជាច្រើននាក់ផ្សេងទៀតផងដែរ។ លោកអះអាងថា មន្ត្រីមួយចំនួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលបំភ្លឺអំពីករណីនេះនៅចំពោះមុខថ្នាក់ដឹកនាំ ប្រសិនបើមានការស៊ើបអង្កេត ឬកោះហៅឱ្យផ្តល់ព័ត៌មាន។

សូមអានសារលម្អិតរបស់ លោកវរសេនីយ៍ត្រី ជុំ សំផា ដូចខាងក្រោម៖

ជុំវិញការលើកឡើងនេះ វរសេនីយ៍ត្រី សុខ ហួរ នាយការិយាល័យរដ្ឋបាល និងគម្រោង នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានប្រាប់សារព័ត៌មានថា លោកពិតជាបានទទួលប្រាក់ ១០ម៉ឺនរៀលក្នុងមួយខែ ពីលោក ជុំ សំផា មែន។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ថវិកានោះជាការចូលរួមដោយស្ម័គ្រចិត្ត ដើម្បីជួយសម្រាប់ការងារសង្គមផ្សេងៗ ហើយមិនមានការបង្ខិតបង្ខំមន្ត្រីណាម្នាក់ឡើយ។ លោកក៏បានច្រានចោលការលើកឡើងដែលថា មានការទាមទារប្រាក់ចំនួន ៨០ម៉ឺនរៀល ដោយអះអាងថា មិនមែនជាការពិត។
ដោយឡែក ឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា មិនមានការបង្ខិតបង្ខំមន្ត្រីឱ្យបង់ថវិកានោះទេ។ លោកអះអាងថា ថវិកាដែលមន្ត្រីមួយចំនួន រួមទាំងលោក ជុំ សំផា បានចូលរួម គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ហើយត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពរបស់នាយកដ្ឋាន ដូចជា ទិញសម្ភារៈការិយាល័យ លើកទឹកចិត្តមន្ត្រីដែលមានស្នាដៃ និងជួយមន្ត្រីដែលមានជំងឺ ឬសម្រាលកូន។
ពាក់ព័ន្ធនឹងការបញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាល លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា ការសម្រេចចិត្តធ្វើឡើងដោយលោកផ្ទាល់ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងឆ្លើយតបតាមតម្រូវការការងារ មិនមានការអន្តរាគមន៍ពីបុគ្គលណាម្នាក់ឡើយ។ ឧត្តមសេនីយ៍ទោបានបន្ថែមថា លោក ជុំ សំផា ធ្លាប់ត្រូវបានជ្រើសរើសឱ្យចូលរៀនវគ្គភាសាអង់គ្លេស ប៉ុន្តែសាមីខ្លួនបានស្នើសុំពន្យារពេលដោយសារបញ្ហាសុខភាព ហើយនាយកដ្ឋានក៏បានអនុញ្ញាតឱ្យមន្ត្រីផ្សេងចូលរៀនជំនួស។
ឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ បានសង្កត់ធ្ងន់ថា «ការណ៍ដែលគាត់សុំច្បាប់តាមទូរសព្ទ និងមានលិខិតពេទ្យ ខ្ញុំតែងតែអនុញ្ញាត ទើបតែលើកនេះ ណែនាំមិនស្ដាប់ ទើបដាក់វិន័យ»។
ចំពោះការចេញលិខិតព្រមាន ឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ បានបញ្ជាក់ថា លោក ជុំ សំផា ធ្លាប់មានបញ្ហាអវត្តមាន និងការបង្ហោះរូបភាពលើបណ្តាញសង្គម ដែលលោកយល់ថាមិនសមស្រប។ លោកអះអាងថា កន្លងមក នាយកដ្ឋានគ្រាន់តែបានហៅមកណែនាំ និងមិនធ្លាប់ដាក់ទណ្ឌកម្មវិន័យណាមួយឡើយ។ ចំពោះករណីចុងក្រោយ លោកបានអះអាងថា លោក ជុំ សំផា បានធ្វើដំណើរទៅប្រទេសវៀតណាមដោយមិនបានសុំការអនុញ្ញាតជាមុនតាមនីតិវិធី ហើយទើបផ្ញើសារសុំច្បាប់ក្រោយពេលចេញដំណើរ។ ដោយហេតុនេះ នាយកដ្ឋានបានចេញលិខិតព្រមានក្នុងគោលបំណងអប់រំ និងកែតម្រូវ មិនមែនជាការដាក់ទណ្ឌកម្ម ឬផ្សព្វផ្សាយជាសាធារណៈនោះទេ។

សូមជម្រាបជូនថា បច្ចុប្បន្ន ភាគីទាំងពីរនៅតែប្រកាន់ជំហររៀងៗខ្លួន ដោយលោកវរសេនីយ៍ត្រី ជុំ សំផា នៅតែអះអាងថា មានមន្ត្រីជាច្រើននាក់ទៀតបានចូលរួមបង់ថវិកា និងត្រៀមចូលបំភ្លឺនៅចំពោះមុខថ្នាក់ដឹកនាំ ប្រសិនបើមានការស៊ើបអង្កេត។ ចំណែកលោក សុខ ហួរ និងឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ បានច្រានចោលការអះអាងអំពីការបង្ខិតបង្ខំ និងបញ្ជាក់ថា ការចូលរួមថវិកាធ្វើឡើងដោយស្ម័គ្រចិត្ត ខណៈការចាត់តាំងការងារ និងវិធានការរដ្ឋបាល ត្រូវបានអនុវត្តស្របតាមបទបញ្ជា និងវិន័យរបស់អង្គភាព។ សារព័ត៌មាននឹងបន្តតាមដាន និងផ្សព្វផ្សាយការបំភ្លឺពីស្ថាប័ន ឬភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីធានាតុល្យភាព និងភាពពេញលេញនៃព័ត៌មាន៕
