ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ផ្នែកបុរស ត្រៀមចូលរួមការប្រកួតពានរង្វាន់បាល់ទះ 6th SEA V Cup ឆ្នាំ ២០២៦ ដោយស្ថិតនៅពូលជាមួយក្រុមខ្លាំងចំនួន២។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធីការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថ្លែងប្រាប់សារព័ត៌មានត្រយង ក្រោយចប់ព្រឹត្តិការណ៍ តេជោលីគ ឆ្នាំ២០២៦ កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ។

ក្រុមខ្លាំងចំនួន២ ដែលកម្ពុជា ត្រៀមប៉ះនោះរួមមាន៖ ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី (ម្ចាស់ផ្ទះ) និងហ្វីលីពីន នៅពូល B ខណៈពូល A មានក្រុមជម្រើសជាតិថៃ, វៀតណាម និងមីយ៉ាន់ម៉ា គ្រោងនឹងរៀបចំឆាប់ខាងមុខនេះ ។


សម្រាប់រូបមន្តប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាននេះគឺ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ នឹងមានឈ្មោះឡើងវគ្គ៤ក្រុមចុងក្រោយ និងបន្តប្រកួតវគ្គផ្តាច់ព្រ័ត្រ យកជើងឯក។

នៅក្នុងកិច្ចសម្ភាសន៍នោះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានសង្កត់ធ្ងន់អំពីគោលដៅ និងរូបមន្តប្រកួតថា « ឆ្នាំនេះក្រុមដែលរួមប្រកួូតនឹងមានចំណាត់ថ្នាក់ពី១ដល់៦ គិតចំនួន២ជុំ (ជុំទី១ និងជុំទី២) ក្រុមដែលមានចំណាត់ថ្នាក់ល្អ នឹងមានកៅអីទៅប្រកួតពានរង្វាន់ប្រចាំទ្វីប AVC ខណៈក្រុមជម្រើសជាតិកម្ពុជា ក៏មានក្តីរពឹងប្រជែងឱកាសនេះដែរ » ៕


