រាជភ្នំពេញ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះផ្តោតលើចំណុចសំខាន់ចំនួន៣ គឺ៖
- ទី១៖ លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់
- ទី២៖ ពិនិត្យ និងពិភាក្សាផែនការសកម្មភាពសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់
- និង ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីសារសំខាន់នៃការគ្រប់គ្រងធនធានខ្សាច់ដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ព្រមទាំងជួយរក្សាគុណភាពទឹក ជួយថែរក្សាសុខភាព និងមុខងាររបស់ស្ទឹង ទន្លេ សមុទ្រ និងប្រព័ន្ធអេកូឡូស៊ី និងផ្តល់ជាជម្រកដ៏សុវត្ថិភាពសម្រាប់ជីវៈចម្រុះក្នុងទឹក។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ហួសកម្រិតពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ នឹងបង្កឱ្យមានផលវិបាកអវិជ្ជមានជាច្រើន ដូចជា៖ ការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក ការប្រែប្រួលរបបជលសាស្ត្រ និងការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។
សូមបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ២០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ គណៈកម្មាធិការនេះ ជាយន្តការអន្តរក្រសួងដ៏សំខាន់មួយដែលមានភារកិច្ចត្រួតពិនិត្យ និងតាមដានការធ្វើអាជីវកម្មខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកឱ្យស្របតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសជលវិទ្យា-ជលគតិ ដើម្បីធានាបាននូវប្រសិទ្ធភាព និរន្តរភាព និងការពារបរិស្ថាន៕

