ការប្រើប្រាស់ភាសាថ្លែងជាសាធារណៈរបស់ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួង ស្ថាប័នមួយចំនួន បាននិងកំពុងក្លាយជាប្រធានបទជជែកគួរឲ្យកត់សម្គាល់នៅលើ        បណ្តាញសង្គម។ក្នុងនោះគេសង្កេតឃើញភាគច្រើនបានសម្តែងនូវការហួសចិត្តឬក៏ន័យបែបចំអកលេងសើចក៏មាន។

ឧទាហរណ៍ជាក់ស្តែងមជ្ឈដ្ឋានមួយចំនួនបានហាក់បង្ហាញការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីអភិក្រម«នាំកង្កែបចេញពីអណ្តូង» ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ ក្នុងន័យដើម្បីជំរុញវិស័យទេសចរណ៍នៅ    កម្ពុជា។សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនយល់ថា​ ការលើកឡើងនេះគឺ ក្នុងន័យវិជ្ជមាន ប៉ុន្តែយ៉ាងណាក៏ដោយគួរតែប្រើប្រាស់ភាសាឬក៏រកប្រយោគឲ្យបានប្រសើរជាងនេះ។

អ្វីដែលគួរឲ្យកត់សម្គាល់កាន់តែខ្លាំងនោះគឺ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានស្នើតាមរយៈគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា “ខ្ញុំស្នើឯកឧត្តមដូរពាក្យ «កង្កែប» ចេញវិញ”។ជាមួយគ្នានេះ លោកថែមទាំងបញ្ជាក់ថា “បើចង់បានពាក្យពេចន៍ខ្មែរពីរោះៗន័យល្អៗ អាចទាក់ទងត្រង់មក​RAC កុំខ្លាចចិត្តអី ! RACមានអ្នកជំនាញភាសាខ្មែរច្បាស់លាស់ច្រើនគ្នា !”។

ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមមួយរូបទៀតមានឈ្មោះថា Tim Channarithបានលើកឡើងដែរថា ពាក្យ «នាំកង្កែបចេញពីអណ្ដូង» អាចធ្វើឲ្យខ្លឹមសារមានន័យអវិជ្ជមាន និងមិនសមនឹងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា។ គួរប្រើភាសាដែលលើកតម្លៃកម្ពុជា និងបង្ហាញមោទនភាពជាតិឲ្យច្បាស់ជាងនេះដូចជា៖ «យកសម្បត្តិដ៏ល្អរបស់កម្ពុជា បង្ហាញទៅកាន់ពិភពលោក», «បើកទ្វារទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក». «លើកសម្រស់គុជអាស៊ី ឲ្យពិភពលោកបានស្គាល់», «ផ្សព្វផ្សាយសក្ដានុពលកម្ពុជា លើឆាកអន្តរជាតិ»ជាដើម។

យ៉ាងណាក៏ដោយ តាមដែលស្មេរធ្លាប់បានឮកន្លងមក“កង្កែបក្នុងអណ្តូង”ជាឃ្លាមួយដែលគេតែងតែលើកមកនិយាយហើយដែលមានន័យចំអកចំអន់ចំពោះអ្នកដែលមានការយល់ដឹងតិចហើយមានអំនួតអួតថាខ្លួនចេះដឹងច្រើនខ្លួនពូកែជាងអ្នកដទៃ។ ប៉ុន្តែ ហេតុអ្វីបានជាឯកឧត្តមរដ្ឋមន្ត្រីប្រើពាក្យ“នាំកង្កែបចេញពីអណ្តូង”នាពេលនេះ គឺមានតែក្រសួងទេសចរណ៍ទេ ដែលអាចបំភ្លឺឲ្យសាធារណជនបានយល់ច្បាស់អំពីរឿងនេះ។

រឿងមួយទៀតដែលនាំឲ្យមានការលើកឡើងដែរនោះ គឺការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់មួយរូបថា ថ្មភ្នំនិងខ្សាច់យើងញ៉ាំ អត់បានទេ។ ក្រោយការលើកឡើងនោះមានការ បញ្ចេញសារនៅលើបណ្តាញសង្គមក្នុងន័យចម្អកជាច្រើនផងដែរដូចជាអ្នកខ្លះបានលើកឡើងថា “យូរហើយខ្ញុំទើបដឹងថា ថ្មភ្នំនិងខ្សាច់ហូបអត់បានទេ … ” “ខ្ញុំចំណាស់នេះហើយទើបដឹងថា ថ្មនិងខ្សាច់ហូបមិនកើត អរគុណឯកឧត្តមដែលប្រាប់”។ល។

ជារួមមកវិញការប្រើប្រាស់ភាសារបស់មន្ត្រីពិសេសអ្នកដែលមានមុខតំណែងជាថ្មាក់ដឹកនាំក្រសួងស្ថាប័នថែមទៀតនោះ គឺជារឿងមួយរឿងកត្តាមួយដ៏មានសារៈសំខាន់និងជារឿងដែលមិនគួរមើលរំលងនោះឡើយ។ប្រសិនបើប្រើប្រាស់ភាសាមិនបានត្រឹមត្រូវទៅតាមបរិបទឬក៏ខ្លឹមសារនោះ នឹងអាចនាំឲ្យមានការយល់ច្រឡំ ឬក៏ការបកស្រាយផ្សេងៗដែលនាំឲ្យមានការជជែកវែកញែកឬក៏មហាជនមានការភាន់ច្រឡំក៏មាន។

ដូច្នេះ វាពិតរឿងជាចាំបាច់និងមិនអាចមើលរំលងបាននោះឡើយសម្រាប់មន្ត្រីដែលមាន     ឋានៈតួនាទីហើយត្រូវនិយាយទៅកាន់សាធារណជន ត្រូវសិក្សាភាសាជាតិឲ្យមានជាក់លាក់ច្បាស់លាស់ទាំងក្បួនខ្នាតវេយ្យាករណ៍ និងការប្រើប្រាស់ឃ្លាប្រយោគដើម្បីកុំឲ្យមានការឆ្គាំឆ្គងដោយប្រការណាមួយ។ការធ្វេសប្រហែស ភាពចន្លោះប្រហោងក្នុងការប្រើប្រាស់ភាសាជាតិរបស់ខ្លួនក្នុងនាមជាមន្ត្រីរាជការពិសេសក្នុងនាមជាថ្នាក់ដឹកនាំអង្គភាពនិងស្ថាប័នថែមទៀតនោះ គឺពិតជាធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃអក្សរសាស្ត្រជាតិរួមទាំងគុណតម្លៃរបស់មន្ត្រីរាជការទាំងមូលថែមទៀតផង។ការពិគ្រោះយោបល់ជាមួយអ្នកជំនាញពិសេសអ្នកជំនាញផ្នែកភាសាខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជា៕

អត្ថបទ៖ត្រយង

Share.