គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន បានសម្លាប់មនុស្ស ២នាក់ និងបង្ខំឱ្យប្រជាពលរដ្ឋជិត ៤៨,០០០នាក់ ត្រូវជម្លៀសខ្លួនចេញ ដោយ​ព្រឹត្តិការណ៍នេះបានបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅទូទាំងតំបន់ ខណៈដែលប្រទេសឡាវកំពុងត្រៀមលក្ខណៈទប់ទល់នឹងការធ្លាក់ភ្លៀងយ៉ាងគំហុកបន្ថែមទៀតក្នុងសប្តាហ៍នេះ រួមទាំងការហក់ឡើងនៃកម្ពស់ទឹកទន្លេ និងលទ្ធភាពអាចកើតមានគ្រោះទឹកជំនន់។

អាជ្ញាធរចិនបានដំឡើងកម្រិតអាសន្នគ្រោះទឹកជំនន់ដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃទី៦ ខែកក្កដា បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា បានជន់លិចតំបន់ស្វយ័តក្វាងស៊ី ច្វាង ដែលក្នុងនោះទំនប់ទឹកលីវឡាន ត្រូវបានបាក់ធ្លាយ និងបណ្តាលឱ្យទឹកទន្លេហូរហៀរ។ មន្ត្រីជាន់ខ្ពស់បានថ្លែងថា មនុស្សប្រមាណ ៥៥,០០០នាក់ បានរងផលប៉ះពាល់។

គ្រោះទឹកជំនន់នេះ បានកើតឡើងបន្ទាប់ពីការឆ្លងកាត់នៃព្យុះទីហ្វុង ម៉ៃសាក់ ដែលបានបក់កាត់ភាគខាងជើងប្រទេសវៀតណាម មុនពេលចុះខ្សោយឥទ្ធិពលនៅលើទឹកដីភាគខាងត្បូងប្រទេសចិន។ ទោះបីជាព្យុះនេះបានរលាយសាបសូន្យទៅហើយក្តី ប៉ុន្តែសំណល់នៃសម្ពាធទាបរបស់វា រួមផ្សំជាមួយឥទ្ធិពលខ្យល់មូសុងនិរតីដ៏ខ្លាំងក្លា នៅតែបន្តជម្រុញឱ្យមានភ្លៀងធ្លាក់លើផ្ទៃដីយ៉ាងទូលំទូលាយនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដីគោក។

ទំនប់ទឹកដែលមានអាយុកាល ៦៦ឆ្នាំមួយនេះ បានបាក់ធ្លាយត្រង់ចំណុចពីរ បន្ទាប់ពីកម្ពស់ទឹកបានហក់ឡើងខ្ពស់ហួសពីកម្រិតកំណត់ ដោយបានបង្កើតឱ្យមានមុខកាត់បាក់ធ្លាយធំជាង ៥០ម៉ែត្រ។

ដោយឡែក​បើក្រឡេក​មក​មើល​ប្រទេស​ឡាវ ដែល​មាន​ព្រំដែននៅជាប់ប្រទេសចិនឯណោះ​វិញ ​ក៏កំពុងតែ​ត្រៀម​លក្ខណៈយ៉ាង​ពេញទំហឹង​ដើម្បីទប់ទល់​នឹង​គ្រោះ​ធម្មជាតិ​នេះផងដែរ។ នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ​ឡាវ​បានឱ្យដឹងថា ភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅកម្រិតធ្ងន់ ត្រូវបានរំពឹងថានឹងកើតមានចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកក្កដា ដែលធ្វើឱ្យកើនឡើងនូវហានិភ័យនៃជំនន់ទឹកភ្លៀង ការបាក់ដី និងការជន់លិចនៅតាមតំបន់ទីប្រជុំជន។

មន្ត្រីជំនាញបានកំណត់អត្តសញ្ញាណខេត្តមួយចំនួនមានដួចជា៖ ផុងសាលី, ហួផាន់, ខេត្តវៀងចន្ទន៍, បលិខាំសៃ,
ចំប៉ាសាក់, សាឡាវ៉ាន់, សេកុង និងខេត្តអាតាពើ ថាជាខេត្តដែលងាយរងគ្រោះបំផុតដោយសារទឹកជំនន់ ខណៈដែលទឹកទន្លេនៅតែបន្តហក់ឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍អំពីគ្រោះថ្នាក់បង្កឡើងដោយអាកាសធាតុជាច្រើនរួចមកហើយនៅក្នុងខែនេះ។ ទឹកជំនន់បានហូរបោកបក់បំផ្លាញស្ពានឈើមួយកន្លែងនៅជិតរមណីយដ្ឋានវ៉ាងវៀង​ជន់លិចភូមិជាច្រើននៅក្នុងខេត្តខាំមួន និងបានរំខានដល់ការធ្វើចរាចរណ៍នៅក្នុងខេត្តសាវ៉ាន់ណាខេត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្លូវថ្នល់ និងស្ពានចម្លងបណ្តោះអាសន្ន។

ទន្ទឹមនឹងនេះដែរ អាជ្ញាធរនៅក្នុងខេត្តបលិខាំសៃ បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី៦ ខែកក្កដា ដោយព្រមានដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយទន្លេកាឌីង ឱ្យត្រៀមលក្ខណៈទប់ទល់នឹងការហក់ឡើងនៃកម្ពស់ទឹកយ៉ាងគំហុក។ ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃទី៧ ខែកក្កដាតទៅ ទំនប់ទឹក ណាំធើន១ នឹងបើកទ្វារទឹកដើម្បីបង្ហូរទឹកចេញសម្រាប់ការគ្រប់គ្រងទឹកជំនន់។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការបង្ហូរទឹកចេញនឹងកើនឡើងជាលំដាប់ចន្លោះពី ២,០០០ ទៅ ៣,០០០ ម៉ែត្​រគូបក្នុងមួយវិនាទី ដែលអាចធ្វើឱ្យកម្ពស់ទឹកតាមបណ្តោយទន្លេកាឌីង កើនឡើងពី ៣ ទៅ ៤ម៉ែត្រ។ លើសពីនេះ ជំនន់ទឹកហូរត្រឡប់ពីទន្លេមេគង្គ ក៏ត្រូវបានរំពឹងថានឹងរួមចំណែកធ្វើឱ្យកម្ពស់ទឹកទន្លេកាន់តែខ្ពស់ជាងមុនផងដែរ។

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ បានជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ តាមដានព័ត៌មានបច្ចុប្បន្នភាពអាកាសធាតុផ្លូវការឱ្យបានដិតដល់ ជម្លៀសសម្ភារៈទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាពក្នុងករណីចាំបាច់ និងបន្តត្រៀមលក្ខណៈជានិច្ចសម្រាប់គ្រោះទឹកជំនន់ដែលអាចកើតមាន ដោយសារតែការព្យាករណ៍ថាភ្លៀងនឹងបន្តធ្លាក់ខ្លាំងពេញមួយសប្តាហ៍នេះ៕

https://troryorng.com/
Share.