រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរប្រឆាំងគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជានាយករងមន្ទីរ ប្រធានការិយាល័យទាំង១១ អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

សូមចុចអាន៖ នាយឧត្តមសេនីយ៍ ស ថេត ណែនាំពង្រឹងការបង្ក្រាប Online Scam និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម កង្វះខាត និងដំណោះស្រាយនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ទីរប្រឆាំងគ្រឿងញៀន ស្របតាមផែនការការងារ និងបទបញ្ជាថ្នាក់ដឹកនាំ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ដែលបានរួមសហការយ៉ាងសកម្មក្នុងការអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់។

ជាមួយគ្នានេះ ឯកឧត្តមក៏បានដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ដោយជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធបន្តពង្រឹងការងារជំនាញ បង្កើនការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច សំដៅរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕

Share.