ខេត្តឈៀងម៉ៃ៖ ស្ថានការណ៍នៅមុខស្ថានកុងស៊ុលធំនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តឈៀងម៉ៃ ប្រទេសថៃ បានឡើងកម្តៅយ៉ាងខ្លាំងរហូតដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីក្រុមបាតុករថៃដែលជាតំណាងឱ្យបណ្តាញប្រជាពលរដ្ឋការពារដងទន្លេកុក និងទន្លេមេគង្គ បានប្រមូលគ្នាបាតុកម្មពេញដងផ្លូវ ដើម្បីស្រែកទាមទារ និងដាក់ញត្តិផ្ញើជូនប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឱ្យមានវិធានការបន្ទាន់ដោះស្រាយបញ្ហាក្រុមហ៊ុន និងឈ្មួញចិនដែលធ្វើអាជីវកម្មរ៉ែនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានបង្ហូរសារធាតុពុលចូលទៅក្នុងប្រភពទន្លេដែលហូរឆ្លងដែន មកបំផ្លាញជីវភាពប្រជាជនថៃយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងព្រឹត្តិការណ៍តវ៉ានោះ សន្ទុះកំហឹងនៃការទាមទាររបស់ប្រជាជនថៃបានរុញច្រានឱ្យមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមបាតុករ និងកម្លាំងនគរបាលថៃ។ សមត្ថកិច្ចបានប្រើប្រាស់កម្លាំង និងដាក់រនាំងដែកស្ទាក់ផ្លូវ ដើម្បីរារាំងមិនឱ្យក្រុមអ្នកតវ៉ាចូលទៅជិតទីតាំងស្ថានកុងស៊ុលចិនឡើយ។ ស្ថានភាពនេះបានបង្ខំឱ្យក្រុមបាតុករ ប្តូរទិសដៅដើរក្បួនចេញមុខស្ថានកុងស៊ុលធំនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តឈៀងម៉ៃ។
នៅក្នុងអំឡុងពេលនៃការដង្ហែក្បួននោះ កម្លាំងនគរបាលបានព្យាយាមសម្រុកចូលស្ទាក់ និងរុញច្រានក្រុមបាតុករចេញ រហូតបង្កឱ្យមានការប្រឈមមុខដាក់គ្នា និងប៉ះទង្គិចគ្នារាងកាយយ៉ាងខ្លាំង។ ជាលទ្ធផល នៃការប៉ះទង្គិចនេះ បណ្តាលឱ្យក្រុមបាតុករចំនួន ២ នាក់រងរបួសធ្ងន់ ដោយក្នុងនោះម្នាក់បានរបូតសន្លាក់ស្មា និងម្នាក់ទៀតរងការបាក់ដៃ រហូតត្រូវហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រុមបាតុករបានលើកឡើងថា សារធាតុពុលដែលជ្រាបចូលទៅក្នុងប្រភពទឹក រួមមាន ៖ ជាតិសំណ កាត់មីញ៉ូម និងបារត ដែលជាប្រភេទសាធាតុលោហៈងាយបង្កគ្រោះថ្នាក់ដល់ជីវិត ក្នុងកម្រិតខ្ពស់បំផុត រហូតដល់ក្រសួងសុខាភិបាលថៃត្រូវបង្ខំចិត្តចេញសេចក្តីប្រកាសអាសន្នជាបន្ទាន់ ហាមប្រាមប្រជាពលរដ្ឋមិនឱ្យបរិភោគត្រី និងសត្វទឹកដែលចាប់ចេញពីប្រភពទន្លេទាំងនោះឡើយ។

ក្រុមបាតុករបានរួមគ្នាស្នើរឱ្យប្រធានាធិបតី ស៊ី ជីនពីង បង្ហាញភាពស្មោះត្រង់និងការទទួលខុសត្រូវ តាមរយៈការស៊ើបអង្កេត និងចាត់វិធានការច្បាប់ឱ្យម៉ឺងម៉ាត់បំផុតចំពោះអ្នកវិនិយោគទុនចិន ដែលបង្កការបំពុលបរិស្ថានឆ្លងដែន និងបានស្នើរឱ្យទីក្រុងប៉េកាំង ត្រូវធ្វើការផ្ទៀងផ្ទាត់ និងត្រួតពិនិត្យឡើងវិញនូវខ្សែសង្វាក់ប្រភពរ៉ែ ដែលនាំចូលពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន ដើម្បីធានាថាវាមិនមែនជាផលិតផលដែលបានមកពីការបំផ្លាញបរិស្ថានរបស់ប្រទេសជិតខាង។ ក្រៅពីនោះក៏មានការទាមទារឱ្យអាជ្ញាធរចិន សហការចុះពិនិត្យទីតាំងតំបន់រ៉ែនៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់ ជាមួយតំណាងភាគីថៃ និងស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួលការធ្វើអាជីវកម្មឱ្យស្របទៅតាមស្តង់ដារបរិស្ថានអន្តរជាតិ។
ក្រុមបាតុករបានសង្កត់ធ្ងន់ជាចុងក្រោយថា ពួកគេសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរ និងរដ្ឋាភិបាលចិននឹងបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន តាមរយៈសកម្មភាពជាក់ស្តែង និងលទ្ធផលពិតប្រាកដ មិនមែនត្រឹមតែពាក្យសម្ដីការទូតនោះឡើយ មុនពេលដែលប្រព័ន្ធអេកូឡូស៊ី និងជីវិតមនុស្សជុំវិញទន្លេមេគង្គត្រូវរលាយសាបសូន្យទាំងស្រុង៕

