ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ បង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បទល្មើសគ្រឿងញៀន និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងការពារកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រារព្ធធ្វើនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញកាន់តែខ្លាំង ដោយទាមទារឱ្យកងកម្លាំងនគរបាលគ្រប់ផ្នែក បង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់មន្ត្រីជំនាញ ឱ្យយកចិត្តទុកដាក់លើការបង្ក្រាបបទល្មើសសំខាន់ៗ រួមមាន អំពើឃាតកម្ម ករណីចាប់ជំរិត និងបង្ខាំងមនុស្ស បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសសេដ្ឋកិច្ចដែលប៉ះពាល់ដល់សុខភាពសាធារណៈ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៦។

Share.