ក្ដីបារម្ភនៃការវិវត្តបញ្ហាព្រំដែនកម្ពុជា-ថៃដ៏គួរឱ្យភ័យខ្លាច និងជាការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បូរណភាពទឹកដីចុងក្រោយនេះ គឺការប៉ុនប៉ងរបស់ភាគីថៃក្នុងការគូសវាសខ្សែព្រំដែនថ្មី ដើម្បីកាត់បញ្ចូលតំបន់ប្រាសាទតាមាន់ធំ ដែលជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ជាតិកម្ពុជាឱ្យទៅស្ថិតនៅក្នុងទឹកដីថៃទាំងស្រុង។

នាពេលបច្ចុប្បន្ននេះ យោធាថៃនៅតែបន្តសកម្មភាពកាន់កាប់បាទដោយខុសច្បាប់លើតំបន់ប្រាសាទតាមាន់ តំបន់ប្រាសាទតាក្របី និងតំបន់ប្រាសាទខ្នាររបស់កម្ពុជា បើទោះបីជាមានការតវ៉ាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈយន្តការច្បាប់អន្តរជាតិជាច្រើនលើកច្រើនសារក៏ដោយក្តី។ ប៉ុន្តែបើតាមអំណះអំណាងរបស់ឯកឧត្ដម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ថា សំអាងហេតុលើផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ ឬក៏បើទោះជាពិនិត្យមើលតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគីក្ដី ក៏នៅតែបង្ហាញថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជា។

ឯកឧត្ដម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ៖ ការគូសដោយឯកតោភាគីរបស់ថៃ នៅតំបន់ប្រាសាទតាមាន់នេះ គឺមិនត្រឹមត្រូវទេ យើងអាចពិនិត្យមើលអំណះអំណាងជាប្លង់ អាំងឌីកាស្យុង តូប៉ូក្រាហ្វិក គឺប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ ដែល ជាឧបសម្ព័ន្ធ នៃកំណត់ហេតុ វាស់វែង របស់ គណៈកម្មការកំណត់ ព្រំដែនឥណ្ឌូចិន-សៀម នៅ ឆ្នាំ ១៩០៨។ នៅក្នងនេះបានបង្ហាញ ច្បាស់ណាស់គឺប្រាសាទតាមាន់ធំស្ថិតក្នុងដីកម្ពុជា។ នេះជាភស្តុតាង គឺជារូបសាក្សីដែលយើងអាចយកមកធ្វើជាអំណះអំណាង ដើម្បីបង្ហាញអំពីអធិបតេយ្យ ភាពរបស់កម្ពុជាលើប្រាសាទតាមាន់ធំ។

ដោយឡែកសព្វថ្ងៃនេះ ភាគីថៃកំពុងតែធ្វើការប៉ុនប៉ងគូសវាសនូវខ្សែបន្ទាត់ព្រំដែនថ្មី ដើម្បីដាក់បញ្ចូលនូវតំបន់ឈ្លានពាននិងកាន់កាប់ដោយខុសច្បាប់ ទៅក្នុងទឹកដីថៃនោះ ប៉ុន្តែសកម្មភាពទាំងនោះត្រូវបាន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចាត់ទុកថា គ្មានតម្លៃនិងគ្មានអនុភាពតាមផ្លូវច្បាប់ឡើយ។ ទង្វើជាឯកតោភាគីនេះ មិនត្រឹមតែជាការរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបំភ្លៃការពិតជាក់ស្តែងនៃប្រវត្តិសាស្ត្រ និងឯកសារគតិយុត្តជាសកល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

ឯកឧត្ដម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ៖ ទោះបីជា ឥឡូវនេះ ថៃកំពុងតែធ្វើការ ប៉ុនប៉ងគូសវាសនូវខ្សែព្រំដែនថ្មី ដើម្បីដាក់បញ្ចូលនូវតំបន់ឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ទៅក្នុងទឹកដីថៃនោះក៏ផែនទីទាំងនោះ មិនអាចនឹងចាត់ទុកថា ជាផែនទីដែលមានតម្លៃនិងមានអនុភាពតាមផ្លូវច្បាប់ឡើយ។

សូមជម្រាបថា ការដែលភាគីថៃព្យាយាមលួចលាក់ ឬប៉ុនប៉ងបង្កើតផែនទីគូសវាសថ្មីក្នុងពេលបច្ចុប្បន្ន ដើម្បីបំភាន់ភ្នែកសហគមន៍អន្តរជាតិ និងដើម្បីស្របច្បាប់ភាវូបនីយកម្មលើការឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ខ្លួននោះ គ្រាន់តែជាល្បិចកលនយោបាយដីធ្លីដ៏ឥតន័យមួយតែប៉ុណ្ណោះ។ នៅក្នុងនីតិអន្តរជាតិ ផែនទីដែលបង្កើតឡើងដោយការគូសវាសឯកតោភាគី ដើម្បីរំលោភយកទឹកដីអ្នកដទៃ ដោយគ្មានការទទួលស្គាល់ និងព្រមព្រៀងពីប្រទេសជិតខាង គឺចាត់ទុកជាមោឃៈ។

យ៉ាងណាក៏ដោយទឹកដី និងប្រាសាទបុរាណ គឺជាដួងព្រលឹង និងជាកេរមរតកមិនអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរ។ ការប៉ុនប៉ងណាមួយដើម្បីកែប្រែខ្សែបន្ទាត់ព្រំដែនប្រវត្តិសាស្ត្រនៅតំបន់ប្រាសាទតាមាន់ធំ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើសន្តិភាព និងកិច្ចសហប្រតិបត្តិការតំបន់ ជាពិសេសបានរំលោភលើកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរដែលមានស្រាប់។ កម្ពុជាមានឯកសារច្បាប់រឹងមាំដូចដែកថែបដើម្បីតវ៉ាឱ្យថៃត្រូវតែបញ្ឈប់រាល់ការប៉ុនប៉ងគូសវាសផែនទីបំភាន់ការពិត ហើយដាច់ខាតត្រូវគោរពខ្សែបន្ទាត់ព្រំដែនដែលកំណត់ដោយច្បាប់អន្តរជាតិ៕

Share.