ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំក្រើនរំលឹកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺគ្រុនឈាម ខណៈរដូវវស្សាបង្កឱ្យមានកន្លែងដក់ទឹកជាច្រើន ដែលជាប្រភពបង្កកំណើតមូសខ្លា។
ក្រសួងបានបញ្ជាក់ថា កត្តាអាកាសធាតុ និងការកើនឡើងនៃមូសខ្លា អាចធ្វើឱ្យករណីជំងឺគ្រុនឈាមកើនឡើង ដូច្នេះប្រជាពលរដ្ឋ គ្រួសារ និងសហគមន៍ ត្រូវចូលរួមលុបបំបាត់ប្រភពដក់ទឹក និងអនុវត្តវិធានការបង្ការឱ្យបានជាប់ជាប្រចាំ។

ក្នុងសេចក្តីណែនាំនេះ ក្រសួងសុខាភិបាលបានដាក់ចេញវិធានការសំខាន់ៗចំនួន៦ រួមមាន ការបញ្ជូនអ្នកមានរោគសញ្ញាគ្រុនក្តៅខ្លាំងទៅមន្ទីរពេទ្យឱ្យបានឆាប់រហ័ស ការកម្ចាត់ដង្កូវទឹក និងប្រភពដក់ទឹកនៅជុំវិញផ្ទះ សម្អាតការដ្ឋានសំណង់ និងទីតាំងប្រកបអាជីវកម្មសំបកកង់ ការលុបបំបាត់ជម្រកមូស ការប្រើប្រាស់មុង និងថ្នាំការពារមូស ព្រមទាំងជំរុញឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ បង្កើនការត្រួតពិនិត្យ និងអនុវត្តវិធានការទប់ស្កាត់ជំងឺគ្រុនឈាមនៅមូលដ្ឋាន។


ក្រសួងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តតាមពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក» ដើម្បីរួមគ្នាកាត់បន្ថយការកើតជំងឺគ្រុនឈាម និងការពារសុខភាពសហគមន៍។ ក្នុងករណីមានសំណួរ ឬត្រូវការជំនួយបន្ទាន់ សាធារណជនអាចទាក់ទងលេខទូរសព្ទ ១១៥ ដោយឥតគិតថ្លៃ។


