ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃពុធ ទី៨ ខែកក្កដា នេះថា ចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះបាក់ដីនៅក្នុងខេត្តកានស៊ូ (Gansu) ភាគពាយព្យប្រទេសចិន បានកើនឡើងដល់ ២១នាក់ហើយ ក្នុងរយៈពេល១ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះបានវាយប្រហារមនុស្សចំនួន ៣៣នាក់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ បានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់ទីតាំងកើតហេតុ ដែលបានកើតឡើងកាលពីវេលាម៉ោងប្រហែល ៦:៥៦ព្រឹកថ្ងៃអង្គារ នៅភូមិរិនឆាង ក្នុងស្រុកដាងឆាង ប្រទេសចិន។ សារព័ត៌មានរដ្ឋដដែលបានដកស្រង់សម្តីអាជ្ញាធរមូលដ្ឋាននៅថ្ងៃពុធនេះថា៖ «ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅទីតាំងបាក់ដីក្នុងស្រុកដាងឆាងត្រូវបានបញ្ចប់ហើយ ដោយគ្រោះបាក់ដីនេះបានបណ្តាលឱ្យមនុស្ស ២១នាក់បាត់បង់ជីវិត»។ ក្រោយហេតុការណ៍នេះ អាជ្ញាធរបានបម្រុងទុកថវិកាចំនួន ៣០លានយ័ន (ប្រហែល ៤,៤លានដុល្លារអាមេរិក) សម្រាប់មូលនិធិស្តារឡើងវិញ។
មែនទែនទៅ គ្រោះមហន្តរាយធម្មជាតិ គឺជារឿងធម្មតាទៅហើយនៅទូទាំងប្រទេសចិន ជាពិសេសនៅក្នុងរដូវក្តៅ ដែលតំបន់ខ្លះជួបប្រទះនឹងការធ្លាក់ភ្លៀងយ៉ាងខ្លាំង ខណៈតំបន់ខ្លះទៀតរងនូវរលកកម្តៅយ៉ាងខ្លាំងក្លា។

គ្រោះបាក់ដីកាលពីថ្ងៃអង្គារនេះ បានកើតឡើងចំពេលដែលខ្យល់ព្យុះ និងភ្លៀងធ្លាក់យ៉ាងគំហុកនៅភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសចិន បានសម្លាប់មនុស្សប្រហែល ១៧នាក់ និងរបួសរាប់រយនាក់ផ្សេងទៀត។ ទីភ្នាក់ងារស៊ិនហួ បានរាយការណ៍ថា ព្យុះផ្គររន្ទះបានវាយប្រហារផ្នែកខ្លះនៃតំបន់ភាគខាងកើតខេត្តហូប៉ី កាលពីយប់ថ្ងៃច័ន្ទ សប្ដាហ៍នេះ ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១៤,៦០០នាក់។ មនុស្សជាង ៣៣០នាក់បានរងរបួស និងម្នាក់កំពុងបាត់ខ្លួន ដោយបន្ថែមថា ផ្ទះជាង ២០ខ្នងបានដួលរលំ និង ៤,៨០០ខ្នងផ្សេងទៀតរងការខូចខាត។
លើសពីនេះ ព្យុះកំបុតត្បូងកម្រិត EF2 ដ៏កម្រមួយ បានបោកបក់កាត់ទីក្រុងហ័ងកាង ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើក្រុមហ៊ុនដឹកជញ្ជូន និងឃ្លាំងទំនិញមួយកន្លែង ហើយរថយន្តដឹកទំនិញជាច្រើនគ្រឿងត្រូវបានកម្លាំងខ្យល់បោកបក់លើកផុតពីដី និងប៉ើងទៅឆ្ងាយរហូតដល់ ៣០ម៉ែត្រ។

យោងតាមស្ថានីយទូរទស្សន៍រដ្ឋ CCTV បានឱ្យដឹងថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ក៏ត្រូវបានជម្លៀសចេញផងដែរនៅទូទាំងតំបន់ក្វាងស៊ី ភាគខាងត្បូង ដែលមានទន្លេ និងផ្លូវទឹកប្រហែល ៤០ខ្សែបានជន់លិច ហើយទឹកជំនន់បានបាក់ទំនប់អាងស្តុកទឹកថែមទៀតផង។ មន្ត្រីក្នុងតំបន់បាននិយាយថា មានអាងស្តុកទឹកចំនួន ៣៤១កន្លែង ដែលមានកម្រិតទឹកលើសពីការគ្រប់គ្រងទឹកជំនន់នៅក្នុងតំបន់ ហើយកម្រិតទឹកនៅស្ថានីយវាស់វែងចំនួន ៥៦ បានកើនឡើងហួសកម្រិតប្រកាសអាសន្ន។
លោក កៃ យុនហ្គេ (Cai Yunge) មន្ត្រីប្រចាំតំបន់បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ មានហានិភ័យខ្ពស់នៃការបាក់ស្រុត គ្រោះបាក់ដី និងការដួលរលំសំណង់ ដោយសារតែអាងស្តុកទឹក និងទំនប់ទន្លេត្រូវរងការត្រាំជន់ជោរដោយទឹកក្នុងកម្រិតខ្ពស់រយៈពេលយូរ។ លោកបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការផ្គត់ផ្គង់ទឹកស្អាត ផ្លូវថ្នល់ បណ្តាញអគ្គិសនី និងប្រព័ន្ធទំនាក់ទំនងនៅក្នុងទីក្រុងមួយចំនួន ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងជួយសង្គ្រោះ ឱ្យអស់ពីសមត្ថភាព ខណៈដែលរដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លី ហ្គួយីង (Li Guoying) បានព្រមានថា តំបន់ក្វាងស៊ី និងផ្នែកខ្លះនៃខេត្តក្វាងដុង ភាគនិរតី នឹងបន្តរងការវាយប្រហារដោយភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃពុធនេះ៕

