នៅពីក្រោមសម្រស់ធម្មជាតិដ៏ស្ងប់ស្ងាត់នៃជួរភ្នំដូណា (Dawna) ដែលជាជម្រកធម្មជាតិ និងជាមោទនភាពរបស់រដ្ឋការ៉ែន នាពេលនេះកំពុងតែប្រែក្លាយទៅជាតំបន់ខ្មៅងងឹតថ្មីមួយនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យាកម្រិតអន្តរជាតិ។ សំណង់អគារថ្មីៗដែលរីកដុះដាលដូចផ្សិតនៅតាមចន្លោះព្រៃភ្នំ និងផ្លូវដីក្រហមនៃភូមិ Thit Ka Te (ទីត កា ទេ ) នោះមិនមែនជាសញ្ញានៃការអភិវឌ្ឍសហគមន៍នោះទេ ប៉ុន្តែវាក្លាយជាបន្ទាយឆបោកអនឡាញជំនាន់ថ្មី ដែលកំពុងតែផ្លាស់ទីតាំងមកបោះសម្បុកយ៉ាងគំហុក។

តើបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំធេង ដែលប្រមូលផ្តុំទៅដោយជនជាតិចិន ភូមា និងបរទេសរាប់ពាន់នាក់នោះអាចមកសាងសង់អាណាចក្រឆបោកយ៉ាងអាណាធិបតេយ្យបែបនេះទៅរួចយ៉ាងដូចម្តេច បើគ្មានការបើកដៃពីមន្ត្រីមានសមត្ថកិច្ច និងឥស្សរជនមានអំណាចនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា?

យោងតាមការចុះផ្សាយរបស់ BBC មីយ៉ាន់ម៉ា បានឱ្យដឹងថា វាជាការពិតដែលតំបន់ព្រំដែនរដ្ឋការ៉ែន និងស្រុកមាវតី ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន និងកងកម្លាំងការពារព្រំដែន BGP។ ការដែលបណ្តាញឧក្រិដ្ឋជនអាចដឹកជញ្ជូនសម្ភារៈសំណង់ គ្រឿងបច្ចេកវិទ្យា ព្រមទាំងកម្លាំងពលកម្មខុសច្បាប់ ចូលទៅបោះទីតាំងយ៉ាងជ្រៅក្នុងតំបន់ភ្នំដូណាបាន គឺស្តែងឱ្យឃើញយ៉ាងច្បាស់ពីការបិទភ្នែកម្ខាង បើកភ្នែកម្ខាង ឬអាចនិយាយបានថា ជាការផ្តល់កិច្ចការពារផ្លូវការ ពីសំណាក់អាជ្ញាធរមូលដ្ឋានទាំងនោះ ដើម្បីជាដូរនឹងលំហូរលុយខ្មៅដ៏មហាសាល។ តំបន់ភ្នំធម្មជាតិដែលធ្លាប់តែជាសមរភូមិការពារទឹកដី ពេលនេះបានក្លាយជា ខែលការពារយុត្តិធម៌សម្រាប់ក្រុមឧក្រិដ្ឋជនអនឡាញទៅវិញ។

អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះគឺ ភូមិសាស្ត្រនៃភូមិ Thit Ka Te និងជួរភ្នំដូណា ស្ថិតនៅកៀកបង្កើយនឹងខ្សែបន្ទាត់ព្រំដែនថៃ។ ឧក្រិដ្ឋកម្មអនឡាញខ្នាតយក្សបែបនេះ មិនអាចដំណើរការបានឡើយ បើគ្មានបណ្តាញអ៊ីនធឺណិតល្បឿនលឿន និងប្រភពថាមពលអគ្គិសនីដ៏មានស្ថិរភាព ដែលភាគច្រើនត្រូវបានលបលួចតភ្ជាប់ ឬទិញដោយប្រយោលពីខាងដីប្រទេសថៃ។

ដោយឡែកការដែលរាជការថៃ និងកងកម្លាំងការពារព្រំដែនថៃ បណ្តោយឱ្យមានការចរាចរណ៍ជនបរទេសខុសច្បាប់ និងការរត់ពន្ធបច្ចេកវិទ្យាកាត់តាមច្រកព្រំដែន រហូតដល់បង្កើតជាមជ្ឈមណ្ឌលឆបោកថ្មីនេះបាន នោះបានបង្ហាញពីចេតនាបើកដៃ នៅក្នុងកម្រិតណាមួយ ដើម្បីរក្សាផលប្រយោជន៍សេដ្ឋកិច្ចតំបន់ព្រំដែនថៃ និងប្រទេសថៃទាំងមូល។ ទោះបីជាមានការប្រកាសយុទ្ធនាការបង្ក្រាបជាញឹកញាប់ពីទីក្រុងបាងកកក៏ដោយ ប៉ុន្តែទិដ្ឋភាពជាក់ស្តែងនៅលើដីភ្នំដូណាតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា នៅតែជាភស្តុតាងមិនអាចប្រកែកបាន ពីការបរាជ័យនៃកិច្ចសហប្រតិបត្តិការណ៍បង្ក្រាបស្កេមរបស់ថៃ។

យ៉ាងណាមិញ ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមឧក្រិដ្ឋជនមកកាន់តំបន់ភ្នំជ្រៅនៃរដ្ឋការ៉ែននេះ បានបញ្ជាក់ថា យុទ្ធនាការបង្ក្រាបកន្លងមកនៅតំបន់ឡៅកាយ (Laukkaing) ឬតំបន់សេដ្ឋកិច្ចពិសេសដទៃទៀត គ្រាន់តែជាការបង្អើលដេញកណ្តុរចេញពីរន្ធមួយទៅរន្ធមួយតែប៉ុណ្ណោះ។ ដរាបណាអាជ្ញាធរថៃ និងមេដឹកនាំយោធាក្នុងរដ្ឋការ៉ែន នៅតែបន្តធ្វើស្រែលើខ្នងជនរងគ្រោះនោះទេ តំបន់ភ្នំដូណានឹងក្លាយជាដុំដំបៅមហារីកថ្មីមួយ ដែលបំផ្លាញសន្តិសុខឌីជីថល និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។

សូមជម្រាបថា រហូតមកទល់ពេលនេះ កងកម្លាំងយោធាមីយ៉ាន់ម៉ា សម្រុកបើកការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (KNLA) ដើម្បីបំបែកសម្បុកក្រុមឧក្រិដ្ឋជន និងក្រុមបះបោ ដែលការប្រយុទ្ធនោះនៅតែបន្តរីករាលដាលយ៉ាងខ្លាំងរហូតឈានដល់ការប្រើអាវុធធុនធ្ងន់ ហើយក្នុងករណីខ្លះ គ្រាប់ហោះប្លោងបានធ្លាយដល់ភូមិថៃ បង្ករបួសដល់ជនស៊ីវិល ជាច្រើននាក់ថែមទៀតផង៕

Share.