ស្ថាប័ន K-1 ទើបបញ្ចេញសេចក្ដីប្រកាសព័ត៌មានពីការបើកដំណើរការ បណ្តាញកីឡាប្រយុទ្ធ K-1 នៅកម្ពុជា (K-1 FIGHTING NETWORK TO LAUNCH IN CAMBODIA)។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការប្រកាសបង្កើត K-1 Fighting Network Cambodia ដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថាប័ន K-1 ដែលជាស្ថាប័នកីឡាប្រយុទ្ធកំពូលមួយរបស់ប្រទេសជប៉ុន និងពិភពលោក។

ការចូលមករបស់ K-1 គឺជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក្នុងការធ្វើសមាហរណកម្មគុនខ្មែរ ជាមួយស្ថាប័នកីឡាប្រយុទ្ធកំពូលៗរបស់ពិភពលោក។ បន្ទាប់ពីកិច្ចសហប្រតិបត្តិការជាមួយ WKN និង Kombat Global កិច្ចសហការជាមួយ K-1 បានបង្ហាញពីការកើនឡើងនៃការជឿជាក់របស់ស្ថាប័នកីឡាអន្តរជាតិចំពោះសក្តានុពលរបស់គុនខ្មែរ និងប្រទេសកម្ពុជា។

សហព័ន្ធសូមអំពាវនាវដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងក្លឹបទាំងអស់ សូមបន្តខិតខំហ្វឹកហាត់ និងអភិវឌ្ឍសមត្ថភាពឱ្យបានខ្ពស់ ដើម្បីត្រៀមខ្លួនចាប់យកឱកាសបង្ហាញសមត្ថភាពលើសង្វៀន K-1 និងវេទិកាកីឡាប្រយុទ្ធលំដាប់ពិភពលោកផ្សេងៗ។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នកីឡាប្រយុទ្ធអន្តរជាតិនានា ដើម្បីលើកកម្ពស់គុនខ្មែរ បង្កើនឱកាសសម្រាប់កីឡាករកម្ពុជា និងជំរុញឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលកីឡាប្រយុទ្ធដ៏សំខាន់មួយនៅក្នុងតំបន់ និងលើពិភពលោក៕

Share.