ប៉េកាំង៖ គ្រោះអគ្គិភ័យដ៏សាហាវមួយបានឆាបឆេះរោងចក្រផលិតស្បែកជើងកម្ពស់ច្រើនជាន់នៅភាគខាងកើតប្រទេសចិន ដោយបានផ្តាច់ជីវិតកម្មករចំនួន ២៨នាក់ ខណៈមូលហេតុចម្បងនៃការបាត់បង់ជីវិតកម្មករយ៉ាងច្រើននេះ ត្រូវបានរកឃើញថា បណ្តាលមកពីគំនរសម្ភារៈបិទច្រកជណ្តើរជើងជិត ដែលធ្វើឱ្យជនរងគ្រោះមិនអាចរត់គេចខ្លួនបាន។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅឯរោងចក្រស្បែកជើង Huiteng Footwear ដែលមានទីតាំងស្ថិតនៅក្នុងភូមិ Jiangtou តំបន់ Chendai នៃទីក្រុង Jinjiang ខេត្ត Fujian។

យោងតាមការបញ្ជាក់ពីទូរទស្សន៍រដ្ឋចិន CCTV ឱ្យដឹងថា នៅពេលដែលអណ្តាតភ្លើងបានផ្ទុះឡើង មានមនុស្សសរុបចំនួន ២៣៩នាក់កំពុងជាប់នៅក្នុងអគារ។ ភ្លាមៗនោះ មនុស្សចំនួន ២៦នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈ ២នាក់ផ្សេងទៀតស្លាប់នៅមន្ទីរពេទ្យ ក្រោយរងរបួសធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា ក្រោមកិច្ចប្រឹងប្រែង កម្មករជាង ២០០ នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញមកក្រៅដោយសុវត្ថិភាព។

ប្រតិបត្តិការសង្គ្រោះនេះ ត្រូវប្រើប្រាស់កម្លាំងបុគ្គលិកពន្លត់អគ្គិភ័យ និងភ្នាក់ងារសង្គ្រោះបន្ទាន់ជាង ៥០០នាក់ រួមជាមួយរថយន្តពន្លត់អគ្គិភ័យចំនួន ៣៥គ្រឿង ដោយបានចំណាយពេលប្រយុទ្ធជាមួយអណ្តាតភ្លើងអស់ជិត ៤ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតបឋមរបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្ហាញឱ្យឃើញថា ភ្លើងបានចាប់ផ្តើមឆាបឆេះចេញពីជាន់ផ្ទាល់ដី រួចហើយបានរីករាលដាលទៅជាន់លើៗយ៉ាងលឿនបំផុត ដោយសារតែវាបានស៊ីរាលដាលលើគ្រឿងផ្សំផលិតស្បែកជើង ដូចជាប្រភេទកាវ និងសារធាតុគីមីងាយឆេះ។ អ្វីដែលជាខកចិត្តបំផុតនោះគឺ ក្រុមពន្លត់អគ្គិភ័យបានរកឃើញថា គំនរសម្ភារៈបាតស្បែកជើងយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានគេយកទៅដាក់គរដូចភ្នំនៅចំពីមុខជណ្តើរជើង។ ការធ្វើបែបនេះ បានបិទខ្ទប់ផ្លូវរត់គេចខ្លួនរបស់កម្មករទាំងស្រុង ធ្វើឱ្យពួកគេទាល់ច្រកមិនអាចរកផ្លូវចេញបាន។
គួររំលឹកផងដែរថា គ្រោះអគ្គិភ័យដែលបានសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិន គឺធ្លាប់បានកើតឡើងនៅឯរោងចក្រមួយកន្លែងក្នុងទីក្រុង Tianjin កាលពីឆ្នាំ១៨៧៨ ដោយកាលនោះបានផ្តាច់ជីវិតមនុស្សអស់ជាង ២,០០០នាក់៕

