បន្ទាយមានជ័យ៖ ក្រោយពីមានជំនន់ទឹកភ្លៀងហូរចូលតាមប្រព័ន្ធប្រឡាយ និងសំណង់ធារាសាស្ត្រ ក្នុងភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ប្រជាពលរដ្ឋដែលទំនេរពីការងារស្រែចម្ការ បាននាំគ្នាទៅនេសាទត្រីដោយប្រើសំណាញ់ និងឧបករណ៍បោយត្រី ដោយទទួលបានផលគួរសម។

ប្រជានេសាទបានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ៤ ទៅ ៥ ម៉ោងនៃការនេសាទ ពួកគេអាចចាប់ត្រីបានជាមធ្យមពី ៧ ទៅ ៨ គីឡូក្រាមក្នុងម្នាក់។ ត្រីដែលចាប់បានមានចម្រុះប្រភេទ ហើយក្រៅពីទុកសម្រាប់បរិភោគក្នុងគ្រួសារ ក៏អាចយកសល់ទៅលក់ ដើម្បីបន្ថែមប្រាក់ចំណូលផងដែរ។ ចំពោះត្រីរៀល មានតម្លៃចន្លោះពី ៥,០០០ ទៅ ៧,០០០ រៀលក្នុងមួយគីឡូក្រាម អាស្រ័យលើទំហំ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ទឹកភ្លៀងដែលធ្លាក់នៅខេត្តប៉ៃលិន បានហូរតាមស្ទឹងក្នុងស្រុកបវិល ខេត្តបាត់ដំបង មកកាន់ស្ទឹងមង្គលបូរី និងបន្តហូរចូលតាមព្រែក អូរ និងប្រឡាយនានា ដែលបង្កលក្ខណៈអំណោយផលដល់ការនេសាទត្រី។
ពួកគេរំពឹងថា ឆ្នាំនេះធនធានត្រីនឹងមានភាពសម្បូរបែបជាងឆ្នាំមុន ដោយសារជំនន់ទឹកភ្លៀងបាននាំត្រីចូលតាមប្រព័ន្ធទឹកធម្មជាតិ។ ការនេសាទនៅរដូវនេះមិនត្រឹមតែជួយផ្គត់ផ្គង់អាហារដល់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពចំណូលបន្ថែមសម្រាប់ប្រជាកសិករនៅពេលទំនេរពីការងារស្រែចម្ការផងដែរ។

