កាយវិការញញឹមសើចក្អាកក្អាយ និងការធ្វើពុតជាមិនស្គាល់មេដឹកនាំគណបក្សប្រឆាំងរបស់លោក អនុទិន ឆានវីរកូល នាយករដ្ឋមន្ត្រីថៃ នៅព្រលានយន្តហោះដនមឿង កាលពីព្រឹកថ្ងៃទី៩ កក្កដា ម្សិលមិញនេះ កំពុងតែរងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន ជាពិសេសអ្នកតាមដាននិងវិភាគនយោបាយ ដោយលើកឡើងថា ទង្វើរបស់លោកគឺជាយុទ្ធសាស្ត្រដោះដៃ លាងខ្លួន និងជាល្បែងនយោបាយក្មេងខ្ចី ដើម្បីគេចវេសពីការទទួលខុសត្រូវដ៏ធំធេងចំពោះមុខច្បាប់ប៉ុណ្ណោះ។ ក្រោយមានការបដិសេធ និងសម្ដីអះអាងដដែលៗ ថាគ្មានការរត់ការដើម្បីទិញយកតំណែងរាជការក្នុងការប្រឡងមន្ត្រីមូលដ្ឋានក្តី តែគេបានមើលឃើញនូវភាពមិនប្រក្រតី និងចំណុចខ្សោយធំៗដែលមេដឹកនាំរូបនេះកំពុងព្យាយាមបិទបាំងយ៉ាងក្រាស់ក្រឡែត។

នៅពេលអ្នកកាសែតសួរដេញដោលអំពីការទទួលខុសត្រូវ រហូតដល់ថ្នាក់ត្រូវលាលែងពីតំណែង ប្រសិនបើតុលាការធម្មនុញ្ញកាត់សេចក្តីថា ព្រះរាជក្រឹត្យកម្ចីប្រាក់ ៤ សែនលានបាតនោះខុសច្បាប់ ដោយបានលើកឡើងថាប្រធានបក្សប្រឆាំង លោក ណាត់ថៈផុងកំពុងតែដេញដោលសួររកអ្នកទទួលខុសត្រូវ ប៉ុន្តែ លោក អនុទិន បែរជាប្រើទិចនិកសើចចំអក រួចសួរឌឺដងវាយបកទៅអ្នកសួរវិញថា តើណាត់ថៈផុងជាអ្នកណា រហូតទាល់តែ ប្រាប់ឈ្មោះក្រៅ ទើបលោកធ្វើជាស្គាល់ តែលោកនៅតែគេចមិនព្រមផ្ដល់ចម្លើយឱ្យជាក់លាក់ដល់អ្នកសារព័ត៌មានដែលមកចោមរោមសួរដដែល។

ចរិតលក្ខណៈធ្វើមិនដឹងមិនឮបែបនេះ មិនមែនជាការមិនស្គាល់ដោយអចេតនានោះទេ ប៉ុន្តែជាចេតនាបំភ័ន្តសង្គម និងសម្តែងធ្វើជាមិនខ្វល់ខ្វាយ ដើម្បីកាត់បន្ថយទម្ងន់នៃសំណួរដេញដោលរបស់ភាគីប្រឆាំង ដែលតំណាងឱ្យសំឡេងរាស្ត្រជាង ១០០ នាក់នៅក្នុងសភា។ ការនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមនោគមវិជ្ជាអ្នកនយោបាយដែលមិនហ៊ានប្រឈមមុខនឹងការពិត និងខ្វះទំនួលខុសត្រូវខ្ពស់បំផុតក្នុងនាមជាប្រមុខរដ្ឋាភិបាល។

ទន្ទឹមនឹងការឡូឡាការពារខ្លួន ទោះបីជាមាត់របស់លោក អនុទិន ព្យាយាមស្រែកក្តែងៗថា យន្តការច្បាប់កំពុងដំណើរការយ៉ាងម៉ឺងម៉ាត់ និងគ្មានការសម្រុះសម្រួលក៏ដោយ ប៉ុន្តែសម្តីរបស់លោកផ្ទាល់ដែលបានធ្លោយលើកឡើងពីការពិតថា មានទាំងក្រុមភ្នាក់ងារ និងមេខ្យល់ខាងក្រៅចូលមកពាក់ព័ន្ធយ៉ាងខ្លាំងនោះ គឺជាភស្តុតាងស្តែងៗនៃការសារភាពទាំងអចេតនា។ ការដែលក្រសួងមហាផ្ទៃប្រញាប់ប្រញាល់ដកតំណែងបុគ្គលសង្ស័យ និងបង្កើតគណៈកម្មការស៊ើបអង្កេត គឺគ្រាន់តែជាយុទ្ធសាស្ត្រ ដើម្បីកុំឱ្យភ្លើងអាស្រូវពុករលួយនៃការទិញលក់តំណែងប្រឡងមន្ត្រីមូលដ្ឋាន និងគ្រូជំនួយ ឆេះរោលរាលដល់ជើងកៅអីនាយករដ្ឋមន្ត្រីរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រសិនបើប្រព័ន្ធគ្រប់គ្រង និងការរៀបចំប្រឡងរដ្ឋរបស់ក្រសួងមហាផ្ទៃដែលលោកក្ដោបក្ដាប់ផ្ទាល់មានភាពស្អាតស្អំមែន នោះបណ្តាញមេខ្យល់ខុសច្បាប់ក៏គ្មានឱកាសដើរទិញលក់សន្លឹកកិច្ចការរដ្ឋខ្នាតធំបែបនេះបានដែរ។

អ្នកតាមដាននយោបាយថៃបានកត់សម្គាល់ឃើញទៀតថា ការដែលលោក អនុទិន ព្យាយាមបង្ហាញសកម្មភាពទាក់ទងទូរស័ព្ទផង បញ្ជាទៅប៉ូលីសផង និងរាយការណ៍ពីចំណាត់ការក្តៅៗទាំងព្រលឹមស្រាងៗមុនពេលហោះហើរទៅម៉ាឡេស៊ី គឺឆ្លុះបញ្ចាំងពីភាពស្លន់ស្លោ និងការភ័យព្រួយនៅពីក្រោយស្នាមញញឹម ព្រោះបញ្ហាពុករលួយជាប្រព័ន្ធបែបនេះជាដុំភ្លើងដ៏មានឥទ្ធិពលដែលអាចរុញរដ្ឋាភិបាលរបស់លោកឱ្យដួលរលំបានគ្រប់ពេល។ មកទល់ពេលនេះ ទាំងស្រមោលខ្មៅនៃការទិញលក់តំណែងរដ្ឋ និងទាំងដាវអាជ្ញាសឹកពីតុលាការធម្មនុញ្ញរឿងកម្ចី ៤ សែនលានបាត កំពុងតែរំកិលខ្លួនយ៉ាងយឺតៗចូលមករុំកលោកនាយករដ្ឋមន្ត្រីរូបនេះហើយ។ ទោះបីជាលោកព្យាយាមឆ្លើយបង្វែរដានថាអូខេ ឬធ្វើជាមិនស្គាល់អ្នកណាក៏ដោយ ក៏ល្បែងសម្តែងល្ខោនដើម្បីបោកប្រាស់ភ្នែកប្រជាជនលែងមានប្រសិទ្ធភាពទៀតហើយ ហើយពេលវេលានៃថ្ងៃរាប់ថយក្រោយនៃអំណាចរបស់លោក ក៏បានចាប់ផ្តើមជាផ្លូវការហើយក៏ថាបាន៕

