ភ្នំពេញ៖ យុវជនកម្ពុជា លោក ឃឿន ចន្ទតូ មានស្រុកកំណើតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានសម្រេចនូវសមិទ្ធផលដ៏គួរឱ្យមោទនភាព ដោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក Nuclear Power Engineering and Thermal Physics ពី National Research Nuclear University MEPhI (Moscow Engineering Physics Institute) ដែលត្រូវបានទទួលស្គាល់ថាជាសាកលវិទ្យាល័យឈានមុខគេរបស់សហព័ន្ធរុស្ស៊ីលើវិស័យថាមពលនុយក្លេអ៊ែរ ដោយទទួលបាននិទ្ទេស «ល្អណាស់» (Honors Degree) និង Red Diploma (សញ្ញាបត្រកិត្តិយស)។

យោងតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សមិទ្ធផលរបស់លោក ឃឿន ចន្ទតូ គឺជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់យុវជនកម្ពុជាក្នុងការប្រកួតប្រជែងជាមួយនិស្សិតមកពីបណ្តាប្រទេសជុំវិញពិភពលោក លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់។ ជោគជ័យនេះមិនត្រឹមតែនាំមកនូវកិត្តិយសដល់រូបលោក និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់ប្រទេសកម្ពុជា និងជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យខិតខំសិក្សា និងស្រាវជ្រាវលើឆាកអន្តរជាតិផងដែរ។

ក្នុងអំឡុងពេលសិក្សា លោកបានទទួលមេដាយកិត្តិយស និងលិខិតសរសើរពីសាកលវិទ្យាល័យ ព្រមទាំងបានចូលរួមវេទិកាវិទ្យាសាស្ត្រ កម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាអន្តរជាតិជាច្រើន រួមទាំងនៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងបណ្តាប្រទេសដូចជា ប៊ុលហ្គារី កូរ៉េខាងត្បូង ម៉ាឡេស៊ី និងចិន។ លោកក៏ទទួលបានលិខិតថ្លែងអំណរគុណពីអគ្គនាយកក្រុមហ៊ុន Rosatom របស់រដ្ឋរុស្ស៊ី សម្រាប់ការចូលរួមក្នុងសកម្មភាពសង្គម និងការអភិវឌ្ឍនិស្សិត។

បច្ចុប្បន្ន លោក ឃឿន ចន្ទតូ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមកម្មវិធីអន្តរជាតិរួមនៅប្រទេសបារាំង និងប្រទេសអេស្ប៉ាញ ដើម្បីពង្រឹងជំនាញលើវិស័យថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាទំនើប ដោយមានគោលបំណងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលអនាគត៕

Share.