លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្នុងឱកាសចូលរួមជាគណៈអធិបតីក្នុងពិធីបំពាក់ម្កុដជាផ្លូវការដល់កញ្ញា សុខគា គឹមលាង (Kon Ant-កូនអាន់) ដែលត្រូវបានជ្រើសរើសជាបវរកញ្ញា Miss International Cambodia 2026 បានលើកពីទស្សនៈវិស័យទាក់ទងនឹងការផ្លាស់ប្តូរតម្លៃ និងស្តង់ដារពិតប្រាកដរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិថា នៅក្នុងយុគសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន និយមន័យនៃពាក្យថា «បវរកញ្ញា» មិនមែនផ្ដោតឬសំដៅត្រឹមតែរឿងរូបសម្រស់ខាងក្រៅតែមួយមុខទៀតនោះឡើយ។

នៅក្នុងឱកាសនោះ ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍អបអរសាទរចំពោះ កញ្ញា សុខគា គឹមលាង ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាព និងបង្ហាញពីទេពកោសល្យ ភាពជឿជាក់ និងគុណតម្លៃដ៏ល្អប្រពៃ រហូតទទួលបានទំនុកចិត្តនិងផ្ដល់កិត្តិយសឱ្យតំណាងប្រទេសកម្ពុជា។ លោកជំទាវអ្នកឧកញ៉ា បានគូសបញ្ជាក់ថា៖«ការបំពាក់ម្កុដនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការប្រគល់តួនាទី ឬកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាការប្រគល់ទំនួលខុសត្រូវដ៏ធំធេង ក្នុងនាមសិល្បការិនីតំណាងឱ្យជាតិ វប្បធម៌ អត្តសញ្ញាណ និងភាពថ្លៃថ្នូររបស់ស្ត្រីកម្ពុជានៅលើឆាកអន្តរជាតិ»។

ផ្អែកលើប្រសាសន៍ណែនាំ និងការចង្អុលបង្ហាញរបស់លោកជំទាវប្រធានសមាគម បវរកញ្ញានៅក្នុងយុគសម័យថ្មី ដែលដើរតួជាទូតតំណាងឱ្យវប្បធម៌ និងអត្តសញ្ញាណជាតិនៅលើឆាកអន្តរជាតិ ត្រូវតែជាបុគ្គលដែលមានចំណេះដឹងទូលំទូលាយ និងមានខួរក្បាលជាអាវុធដ៏សំខាន់ទើបអាចឈរជើងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសជុំវិញពិភពលោក មិនតែប៉ុណ្ណោះត្រូវមានបុគ្គលិកលក្ខណៈល្អប្រពៃទាំងចរិយាមារយាទ និងភាពថ្លៃថ្នូរពិតប្រាកដក្នុងនាមជាស្ត្រីខ្មែរ។ បវរកញ្ញាដែលតំណាងឱ្យកម្ពុជា ត្រូវមានសមត្ថភាពខ្ពស់ក្នុងការប្រាស្រ័យទាក់ទង ដើម្បីនាំយកសំឡេង និងឥទ្ធិពលរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ បូករួមទាំងស្មារតីសង្គមក្នុងការចូលរួមចំណែកជួយដោះស្រាយបញ្ហានានាក្នុងសហគមន៍។ អ្វីដែលកាន់តែពិសេសនោះ គឺសមត្ថភាពក្នុងការបង្កើតគំនិតវិជ្ជមាន ដើម្បីធ្វើជាគំរូដ៏ល្អក្នុងការជម្រុញ និងផ្តល់ថាមពលដល់យុវជន ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។

ការរំលេចពីគុណតម្លៃស្នូលទាំងនេះ មិនត្រឹមតែជាការដាស់តឿនដល់សិល្បការិនីជំនាន់ក្រោយនោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំផងដែរ ដោយលោកជំទាវប្រធានសមាគមបានបញ្ជាក់ពីជំនឿចិត្តថា កញ្ញា សុខគា គឹមលាង នឹងប្រើប្រាស់នូវសមត្ថភាព ចំណេះដឹង និងគុណសម្បត្តិទាំងអស់នេះ ដើម្បីបំពេញតួនាទីជាអ្នកតំណាងជាតិដ៏ល្អឥតខ្ចោះម្នាក់។

គួររំលឹកផងដែរថា ក្រោយពីទទួលបានការបំពាក់ម្កុដផ្លូវការដែលរៀបចំឡើងដោយក្រុមហ៊ុន CSNJ Jewellery ហើយ កញ្ញា សុខគា គឹមលាង (Kon Ant-កូនអាន់) នឹងត្រូវត្រៀមលក្ខណៈសម្បត្តិចាកចេញពីមាតុភូមិដើម្បីនាំយកភាពថ្លៃថ្នូរ និងវប្បធម៌ដ៏ផូរផង់របស់កម្ពុជា ទៅបង្ហាញក្នុងព្រឹត្តិការណ៍ប្រកួត Miss International នាប្រទេសជប៉ុន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដែលនេះជាការទទួលខុសត្រូវដ៏ធំធេងក្នុងនាមជាសិល្បការិនីតំណាងឱ្យជាតិ និងភាពថ្លៃថ្នូររបស់ស្ត្រីកម្ពុជានៅលើឆាកអន្តរជាតិ៕

