កំពង់ចាម៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានចាត់ឯកឧត្តម ទូច ឆៃ នាយកសាខា អមដំណើរដោយប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងសហការី ចុះសួរសុខទុក្ខអ្នកស្រី ឈាង សុខនី អាយុ២៦ឆ្នាំ ជាភរិយាវីរយោធិនជួរមុខទិសជុបគគីរ ដែលបានសម្រាលកូនប្រុសទី២ ដោយសុវត្ថិភាព នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។



ក្នុងឱកាសនោះ ឯកឧត្តម ទូច ឆៃ បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋងាយរងគ្រោះ គ្រួសារកងទ័ពជួរមុខ និងការគាំពារសុខភាពមាតា ទារក និងកុមារ។
នាយកសាខាក៏បានផ្តល់អនុសាសន៍ដល់មាតា អំពីការថែទាំសុខភាពក្រោយសម្រាល ការនាំទារកទៅទទួលវ៉ាក់សាំងតាមកាលវិភាគ ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខក្នុងរយៈពេល៦ខែដំបូង ការផ្តល់អាហារបន្ថែមត្រឹមត្រូវ និងការប្រើប្រាស់វិធីពន្យារកំណើតសមស្រប ដើម្បីថែរក្សាសុខភាពម្តាយ និងទារក។
ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក៏បានផ្តល់អំណោយជូនគ្រួសាររួមមាន ទឹកពិសា២កេស ម្សៅទឹកដោះគោ ផ្លែឈើស្រស់១កន្ត្រក សម្ភារសម្រាប់ទារក ឃីតស្ត្រី១ឈុត និងថវិកាចំនួន ១,០០០,០០០រៀល ដើម្បីចូលរួមសម្រាលបន្ទុកគ្រួសារក្នុងឱកាសដ៏មានសេចក្តីសោមនស្សនេះ។
អត្ថបទ៖ អាចារ្យលាក់

