យោងតាមរបាយការណ៍ចុងក្រោយពីនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) នៃប្រទេសថៃ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រទេសថៃបានកត់ត្រាករណីអ្នកឆ្លងមេរោគព្រូនថ្លើមដែលត្រូវបានបញ្ជាក់ជាផ្លូវការចំនួន ២,៦៥៦ករណី។ ទោះបីជាមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ភ្លាមៗក៏ដោយ ក៏តួលេខនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសនៅភាគភូមិភាគឦសាន និងភាគខាងជើង ដោយក្នុងនោះខេត្តឆាយយ៉ាភូមិ (Chaiyaphum) មានអត្រាឆ្លងខ្ពស់ជាងគេ ដោយសារភូមិសាស្ត្រសម្បូរទៅដោយប្រភពទឹកបង្កើតលក្ខខណ្ឌអំណោយផលដល់ការរីករាលដាលនៃពពួកបរាសិតនេះនៅក្នុងត្រីទឹកសាប។ ទិន្នន័យដដែលបានបង្ហាញថា ក្រុមអាយុដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺមនុស្សចាស់ដែលមានអាយុចន្លោះពី ៥០ ដល់ ៥៩ឆ្នាំ បន្ទាប់មកគឺក្រុមអាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងគួរឱ្យបារម្ភបំផុតនោះ គឺវាបានរាលដាលដល់ក្រុមយុវជនអាយុចន្លោះពី ១៥ ដល់ ១៩ឆ្នាំផងដែរ។

ទោះជាយ៉ាងណាក៏ដោយ បើពិនិត្យមើលឱ្យស៊ីជម្រៅ វិបត្តិនេះមិនមែនជារឿងចៃដន្យ ឬជាគ្រោះធម្មជាតិនោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពបរាជ័យនៃប្រព័ន្ធអប់រំសុខភាពសាធារណៈរបស់ប្រទេសថៃ។ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ដែលអាជ្ញាធរសុខាភិបាលថៃមិនអាចកែប្រែទម្លាប់ហូបចុកដ៏គ្រោះថ្នាក់របស់ប្រជាជនខ្លួនបាន។ ជំងឺព្រូនថ្លើមនេះ កើតឡើងដោយសារការនិយមបរិភោគត្រីទឹកសាបឆៅ ចម្អិនមិនឆ្អិនល្អ តាមរយៈមុខម្ហូប ឬប្រហុកធ្វើពីត្រីឆៅជាដើម។ អ្វីដែលជារឿងគួរឱ្យហួសចិត្តបំផុតនោះគឺ ការជឿតៗគ្នារបស់ប្រជាជនក្នុងតំបន់ ដែលថាការញ៉ាំស្រាជាមួយត្រីឆៅ ការច្របាច់ក្រូចឆ្មារ ឬការផ្អាប់អំបិលអាចសម្លាប់មេរោគបាន នៅតែបន្តចាក់ឫសយ៉ាងជ្រៅក្នុងសង្គមថៃ បើទោះបីជាវិទ្យាសាស្ត្របានបង្ហាញជាច្រើនដងថា វិធីទាំងនេះមិនអាចសម្លាប់កូនព្រូនថ្លើមបានក៏ដោយ។

ការបណ្តែតបណ្តោយឱ្យទំនៀមទម្លាប់ហូបចុកបែបនេះបន្តទៅមុខ គឺជាការបង្កើតគ្រាប់បែកពេលវេលា សម្រាប់ប្រព័ន្ធសុខាភិបាលថៃ ព្រោះកូនព្រូនថ្លើមទាំងនេះអាចរស់នៅក្នុងបំពង់ទឹកប្រមាត់របស់មនុស្សបានពី ២០ ដល់ ៣០ឆ្នាំ ដោយបង្កការរលាករ៉ាំរ៉ៃ រហូតវិវត្តទៅជាជំងឺមហារីកបំពង់ទឹកប្រមាត់ (Cholangiocarcinoma) ដែលជាជំងឺកាចសាហាវ និងមានអត្រាស្លាប់ខ្ពស់បំផុត។ ការដែលយុវជនអាយុត្រឹម ១៥ ទៅ ១៩ឆ្នាំចាប់ផ្តើមឆ្លងជំងឺនេះ ក៏បានបង្ហាញពីភាពទន់ខ្សោយរបស់អាជ្ញាធរ និងអាណាព្យាបាលថៃ ដែលមិនបានអប់រំកូនចៅជំនាន់ក្រោយឱ្យដើរចេញពីរបៀបរស់នៅប្រកបដោយហានិភ័យបែបនេះ។

បន្ថែមពីលើបញ្ហាចំណីអាហារ វិបត្តិនេះក៏បានទម្លាយឱ្យឃើញពីចំណុចខ្វះខាតផ្នែកអនាម័យបរិស្ថានផងដែរ។ ថ្វីត្បិតតែថៃជាប្រទេសរីកចម្រើនមួយក្នុងតំបន់ ប៉ុន្តែការដែលអាជ្ញាធរនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋឈប់បត់ជើងធំក្នុងប្រភពទឹកធម្មជាតិ ដើម្បីកាត់ផ្តាច់វដ្តជីវិតរបស់ព្រូនថ្លើមនៅសម័យជឿនលឿននេះទៀត បានបង្ហាញថា ប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងបង្គន់អនាម័យនៅតាមជនបទដាច់ស្រយាលរបស់ថៃ នៅតែមានកម្រិត និងមិនទាន់មានប្រសិទ្ធភាពពេញលេញនៅឡើយ។

សរុបសេចក្តីមក ព្រឹត្តិការណ៍នៃការរកឃើញអ្នកឆ្លងជំងឺព្រូនថ្លើមជាង ២,៦០០ករណីនៅក្នុងប្រទេសថៃនាពេលនេះ មិនមែនគ្រាន់តែជាបញ្ហាសុខភាពបុគ្គលនោះទេ ប៉ុន្តែវាគឺជា វិបត្តិវប្បធម៌ និងអនាម័យសាធារណៈដ៏រ៉ាំរ៉ៃ មួយដែលមិនទាន់មានដំណោះស្រាយពិតប្រាកដ។

ទោះបីជាបច្ចេកវិទ្យាវេជ្ជសាស្ត្រមានការរីកចម្រើន និងមានការអប់រំផ្សព្វផ្សាយជាច្រើនទសវត្សរ៍ក៏ដោយ ក៏ការបន្តចាក់ឫសយ៉ាងជ្រៅនៃទម្លាប់ហូបចុកត្រីទឹកសាបឆៅ ផ្សំជាមួយជំនឿខុសឆ្គងក្នុងការរៀបចំអាហារ នៅតែជាឧបសគ្គដ៏ធំបំផុត។ បញ្ហានេះបានស្តែងឱ្យឃើញថា វិធានការណែនាំ ឬការដោះស្រាយបែបអសកម្មរបស់អាជ្ញាធរថៃកន្លងមក នៅមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជននៅតាមជនបទនោះឡើយ៕

ប្រភព៖ The Thaiger

Share.