បាត់ដំបង÷ ដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគាំទ្រឲ្យមានការរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ឲ្យបានរៀងរាល់ឆ្នាំប្រយោជន៍លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាកសិករ ពិសេសលើកកម្ពស់វិស័យទេសចរណ៍ជាតិ។




នៅក្នុងឱកាសបើកដំណើរការកម្មវិធីពិព័រណ៍ផ្លែឈើលើកទី ២លើទឹកដីខេត្តបាត់ដំបង នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា÷ តាមការគ្រោងទុកខេត្តបាត់ដំបងគ្រោងនិងបង្កើតឡើងនូវព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនេះឲ្យបានរៀងរាល់មួយឆ្នាំម្ដង សំដៅឲ្យបងប្អូនប្រជាកសិករដែលដាំដុះបន្លែផ្លែឈើតាមបណ្តាស្រុកនានាមានឱកាសយកផលិតផល ភោគផលរបស់ខ្លួនមកដាក់តាំងបង្ហាញ និងការតាំងលក់ផលិតផលជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត និងក្រៅតំបន់ ស្របគ្នានឹងពេលវេលានេះជាពេលវេលាបៃតងក៏បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានមកទស្សនា និងស្នាក់នៅ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានទទួលពិសានូវអាហារ ផ្លែឈើដ៏ផ្អែមឆ្ងាញ់ ដែលដាំដុះនៅលើទឹកដីនៃខេត្តបាត់ដំបងដ៏ទាក់ទាញ។
ទន្ទឹមគ្នាឯកឧត្តម សុខ លូ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាកសិករទាំងអស់ខិតខំចូលរួមរក្សាឲ្យបានក្នុងការសំគាល់ពីផ្លែឈើមានអត្តសញ្ញាណបញ្ជាក់អំពីខេត្តបាត់ដំបង ឲ្យបានច្បាស់លាស់ ដូចជា: ផ្លែធុរេន សាវម៉ាវ ផ្លែមង្ឃុត ម្រេចក្នុងស្រុកសំឡូត, ពោត ក្រូចពោធិ៍សាត់ ផ្លែក្រូចថ្លុងក្នុងស្រុកសង្កែ ស្រុករតន:មណ្ឌល, ម្នាស់ ក្នុងស្រុករុក្ខគីរី ស្រុកគាស់ក្រឡ ស្រុកមោងឬស្សី, ដូងក្នុងស្រុកបវេល, ដូងខ្ទិះក្នុងស្រុកសង្កែ ស្រុកឯកភ្នំជាដើម…សុទ្ធសឹងតែជាផ្លែឈើដែលមានគុណភាពខ្ពស់។
ជាមួយនេះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងឡើងឲ្យដឹងបន្ថែមថា÷ ឯកឧត្តមសូមគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតនៅព្រឹត្តិការណ៍ពិព័រផ្លែឈើនេះឡើងជារៀងរាល់ឆ្នាំដោយសារវាបានជួយលើកកម្ពស់កម្រិតជីវភាព និងបង្កើនប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករអ្នកដាំដុះបន្លែផ្លែឈើផ្សេងៗនៅក្នុងខេត្តបាត់ដំបង។




ឯកឧត្តមបានបញ្ជាក់បន្តថា÷ ការដាក់តាំងបង្ហាញផលិតផលនៅក្នុងកម្មវិធីតាំងពិពណ៌នេះគឺលើសពីកម្មវិធីពិព័រណ៍ផ្លែឈើទៅទៀត ព្រោះមានទាំងផលិតផលកសិកម្ម ផលិតផលទេសចរណ៍ និងឧស្សាហកម្មផងដែរដែលមានន័យថាយើងបានត្រៀមរួចរាល់នូវការបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋជាទីផ្សារយ៉ាងសំខាន់នៅក្នុងស្រុក និងនៅក្រៅតំបន់។




ព្រឹត្តិការណ៍ពិពណ៌ផ្លែឈើនាពេលនេះក៏ជាការបង្ហាញដល់គ្រប់មជ្ឈដ្ឋានជាតិផង និងមជ្ឈដ្ឋានអន្តរជាតិផងដែរដោយបានភ្ជាប់វិស័យទេសចរណ៍យ៉ាងសំខាន់ បញ្ជាក់ថាផលិតផលកសិកម្មបូកគ្នាជាមួយនិងសក្ដានុពលវិស័យទេសចរណ៍ទាំងពីរនេះគឺជាឱកាសនៃការចូលរួមលើកស្ទួយទៅដល់កសិទេសចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដោយឡែកសម្រាប់ខេត្តបាត់ដំបងតែម្តង៕
អត្ថបទ: ដំបងក្រញូង
