ប្រភេទត្មាតផេះ ត្រូវបានពិភពលោកចាត់ទុកជាប្រភេទបក្សីកម្រ និងជិតផុតពូជបំផុត ត្រូវបានកត់ត្រាថា មានវត្តមានឡើងវិញ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា កាលពីអំឡុងពេលធ្វើជំរឿនសត្វត្មាតទូរទាំងប្រទេស។ ការធ្វើជំរឿននេះប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

ក្នុងអំឡុងពេលធ្វើជំរឿន អ្នកជំនាញបានកត់ត្រាថា វត្តមានត្មាតផេះចំនួន ២ក្បាល នៅតំបន់អភិរក្សនេះបង្ហាញពីសញ្ញានៃការកើនឡើងវិញ នៃប្រភេទសត្វកម្រជិតផុតពូជ។ វាជាលើកដំបូងដែលប្រភេទបក្សី នេះបានបង្ហាញខ្លួនឡើងវិញក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីការបាត់ខ្លួនតាំងពីឆ្នាំ២០១៦។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ការធ្វើជំរឿនក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន ៥ក្បាលផងដែរ ក្នុងនោះមានកូនត្មាតចំនួន ២ក្បាល ដែលបញ្ជាក់ពីភាពជោគជ័យនៃការបន្តពូជនៅក្នុងដែនជម្រកសត្វព្រៃនេះ។ ដូចនេះ ការវិលត្រឡប់របស់សត្វត្មាតផេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់ការអភិរក្សសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ និងជានិមិត្តសញ្ញានៃក្តីសង្ឃឹម សម្រាប់ការស្តារប្រភេទសត្វនេះឡើងវិញ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន “សត្វត្មាតនៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិ ដែលមានមានតួនាទីដ៏សំខាន់ក្នុងការសម្អាតបរិស្ថាន និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ការពារធម្មជាតិ។ ការវិលត្រឡប់របស់វាបន្ទាប់ពី ១០ឆ្នាំ មិនត្រឹមតែជាសញ្ញាវិជ្ជមាន សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យសំខាន់ សម្រាប់ការពារប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ។ ជាមួយគ្នានេះ វត្តមានត្មាតផេះ ជាថ្មីនៅក្នុងតំបន់ការពារធម្មជាតិ ភាគឦសាននៃប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រសួងបរិស្ថាន សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់។

ក្រសួងបរិស្ថានក៏ដូចជាអង្គការជីវិតធម្មជាតិនៅកម្ពុជា បន្តលើកទឹកចិត្ត ការចូលរួមបន្ថែមទៀត ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសអភិរក្សប្រភេទជីវៈចម្រុះកម្រលើពិភពលោក ដើម្បីធានាបាននូវការរស់រានមានជីវិតយូរអង្វែងរបស់ពួកវា”។ សូមបញ្ជាក់ថា លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កត់ត្រាបានត្មាត(ត្មាតត្នោត ត្មាតភ្លើង និងត្មាតផេះ) សរុបចំនួន១៦៣ក្បាល នៅឆ្នាំ២០២៥៕

1 CR{P} R{255} S{255} T{104F} P{0000} [CAMERA1] M{7} FS{0360 1080 1439 1439}
Share.