ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយ:ពេលពេញមួយថ្ងៃ ក្រុមបាល់ទាត់ ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) បានក្លាយជាម្ចាស់ជើងឯកការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី៣ ឆ្នាំ២០២៦ “Malaysian Ambassador’s Football Shield 2026 ក្រោយយកឈ្នះក្រុមបាល់ទាត់ AEU University ក្នុងលទ្ធផល ២ ទល់នឹង ០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ។

ជ័យជម្នះក្លាយជាម្ចាស់ជើងឯកការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ក៏ជាលើកទី២ និង២ឆ្នាំជាប់គ្នារបស់ក្រុមបាល់ទាត់ ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) ដោយកាលពីឆ្នាំ២០២៥ ក៏ជាម្ចាស់ជើងឯកផងដែរ។

ថ្លៃងក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៦ “Malaysian Ambassador’s Football Shield 2026 ” នៅថ្ងៃទី១២ ខែកក្កដា លោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានឃើញអ្នកទាំងអស់គ្នានៅទីនេះតាំងពីព្រឹកព្រលឹម លោកពិតជាមានកិត្តិយសណាស់ដែលមានឱកាសនេះក្នុងការធ្វើជាម្ចាស់ផ្ទះ និងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់នេះម្តងទៀត។ នៅពេលយើងចាប់ផ្តើមប្រកួតពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីជាលើកដំបូងកាលពីឆ្នាំមុន វាគ្រាន់តែជាការនាំមិត្តភក្តិម៉ាឡេស៊ី និងកម្ពុជារបស់យើងរួមគ្នាតាមរយៈព្រឹត្តិការណ៍កីឡាមួយ»។
លោកឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី បាននបន្តថា វាជាគំនិតផ្តួចផ្តើមមួយដើម្បីនាំប្រជាជនម៉ាឡេស៊ី និងកម្ពុជាចូលរួមតាមរយៈការទូតកីឡា ក្នុងព្រឹត្តិការណ៍បាល់ទាត់នេះ ខ្ញុំពិតជាជឿថា ទិដ្ឋភាពរវាងប្រជាជន និងប្រជាជនមានសារសំខាន់ដូចគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ មានស្រាប់រវាងម៉ាឡេស៊ី និងកម្ពុជា ។

លោកបានសម្តែងការអរគុណដោយស្មោះ ចំពោះក្រុមចូលរួមទាំងអស់សម្រាប់ការបន្តការគាំទ្រសម្រាប់ Football Shield 2026 ហើយលោកក៏មានការកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមរបស់អ្នកតំណាងក្រុម ប្រធានក្រុម និងអ្នកគ្រប់គ្រងសម្រាប់ព្រឹត្តិការណ៍ថ្ងៃនេះ។ លោកទទួលស្គាល់ថា កីឡាបាល់ទាត់ជាកីឡាដែលចូលចិត្តនៅគ្រប់វប្បធម៌ និងគ្រប់មជ្ឈដ្ឋានផ្តល់នូវវេទិកាដ៏មានអត្ថន័យមួយដើម្បីនាំសហគមន៍រួមគ្នា និងកសាងមិត្តភាព។ នេះឆ្លុះបញ្ចាំងពីភាពសាទរ និងការគាំទ្រកាន់តែច្រើនឡើងពីសហគមន៍ម៉ាឡេស៊ី និងកម្ពុជា រួមទាំងដៃគូដ៏គួរឱ្យគោរពជាច្រើនរបស់យើងពីវិស័យឯកជន សង្គមស៊ីវិល និងស្ថាប័នរដ្ឋាភិបាល។
រំលឹកថា បាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី៣ ឆ្នាំ២០២៦ “Malaysian Ambassador’s Football Shield 2026 មាន ២៤ ក្រុមចែកចេញពី ៤ ពូល ក្នុងពូលនីមួយៗមាន ៦ ក្រុម ដែលបានដំណើរការប្រកួតរយ:ពេល១ថ្ងៃ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី “Malaysian Ambassador’s Football Shield ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យចំនួន ៣លើករួមមកហើយ គិតទាំងឆ្នាំ២០២៦នេះ។ លើកទី១ ក្រុមបាល់ទាត់ធនាគារ CIMB ជាម្ចាស់ជើងឯក និងលើកទី២ និងទី៣ ក្រុមបាល់ទាត់ ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) គឺជាម្ចាស់ជើងឯក ២ឆ្នាំជាប់គ្នា៕








