បាងកក៖ មនុស្សជាច្រើនប្រាថ្នាចង់បានដំណើរកម្សាន្តដ៏ល្អដើម្បីជម្រុះភាពហត់នឿយ សោកសៅ ហើយស្រូបយកថាមពលល្អៗមកក្នុងជីវិត មុននឹងត្រលប់មកបំពេញកាតព្វកិច្ចការងាររៀងៗខ្លួនវិញ ទោះជាយ៉ាងណាក៏ដោយ ផែនការដើរកម្សាន្តដ៏ល្អឥតខ្ចោះរបស់មនុស្សគ្រប់គ្នា អាចនឹងរលាយសាបសូន្យភ្លាមៗ ជំនួសមកវិញនូវភាពក្ដៅក្រហាយ និងមួរម៉ៅ ប្រសិនបើកាបូបលុយ លិខិតឆ្លងដែន ឬទូរសព្ទត្រូវបាត់បង់ ឬក៏ត្រូវចាញ់បោកអស់ប្រាក់រាប់រយដុល្លារ ដោយសារតែល្បិចបោកប្រាស់របស់ក្រុមជនខិលខូច។

ស្របពេលក្រុមចោរលូកហោប៉ៅ និងជនបោកប្រាស់មាននៅគ្រប់ទីកន្លែងលើពិភពលោក ប៉ុន្តែបច្ចុប្បន្នមានគោលដៅទេសចរណ៍ល្បីៗមួយចំនួន បាននិងកំពុងរងការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំង ពីបទបណ្តែតបណ្តោយឱ្យបទល្មើសទាំងនេះកើតឡើងយ៉ាងអាណាធិបតេយ្យ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសអស់ទាំងនោះ។ ជាក់ស្តែង ក្រុមការងារធានារ៉ាប់រងការធ្វើដំណើរនៃគេហទំព័រ Compare the Market បានធ្វើការវិភាគ និងចាត់ថ្នាក់បណ្តាទីក្រុង និងតំបន់ទេសចរណ៍ល្បីៗដែលមានអត្រាអំពើបោកប្រាស់ និងលួចហោប៉ៅខ្ពស់បំផុតនៅលើសកលលោក។

ការសិក្សានេះបានផ្អែកលើទិន្នន័យ Numbeo រួមផ្សំនឹងការពិនិត្យមើលពាក្យគន្លឹះទាក់ទងនឹង «ការលូកហោប៉ៅ និងចោរកម្ម» ក្នុងចំណោមរាល់ ១,០០០មតិយោបល់ (Reviews) លើកម្មវិធី TripAdvisor នៃតំបន់ទេសចរណ៍ល្បីៗចំនួន១០ ក្នុងទីក្រុងនីមួយៗ ដើម្បីគណនាជា «ពិន្ទុហានិភ័យនៃចោរកម្ម និងការបោកប្រាស់» ពេញ ១០០ពិន្ទុ។

លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល និងជាការទះកំផ្លៀងយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ថៃ គឺទីក្រុងបាងកក បានដណ្តើមតំណែងកំពូលលេខ១ នៅលើពិភពលោក ដោយទទួលបានពិន្ទុហានិភ័យរហូតដល់ ៨៣.៤៥ វ៉ាដាច់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលឈរនៅលេខរៀងទី២ មានពិន្ទុ ៦៨.៨១។ ចំណែកឯទីក្រុងលំដាប់បន្ទាប់រួមមាន លេខ៣ ទីក្រុងប្រាក (សាធារណរដ្ឋឆែក) លេខ៤ ទីក្រុងស៊ាងហៃ (ប្រទេសចិន) និងលេខ៥ ទីក្រុងអាហ្គ្រា (ប្រទេសឥណ្ឌា)។

ខណៈដែលទីក្រុងប៉ារីសល្បីខាងចោរលូកហោប៉ៅ ទីក្រុងបាងកកឯណេះវិញ ត្រូវបានរកឃើញថា បានប្រែក្លាយទៅជា «ដែនដីសម្បូរដោយអំពើបោកប្រាស់គ្រប់រូបភាព» ដែលនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិបត្តិនៃការគ្រប់គ្រងសន្តិសុខ និងកង្វះវិធានការបង្ក្រាបយ៉ាងពិតប្រាកដពីសំណាក់អាជ្ញាធរថៃ។ របាយការណ៍បានកត់សម្គាល់ថា ភ្ញៀវទេសចរជាច្រើនហាក់ខ្វះការយល់ដឹងពីល្បិចកល បណ្តាលឱ្យចាញ់បោកក្រុមឧក្រិដ្ឋជនថៃយ៉ាងងាយស្រួល។ ក្នុងនោះ ទីតាំងព្រះបរមរាជវាំង (The Grand Palace) ដែលជាបេះដូងទេសចរណ៍នៃទីក្រុងបាងកក គឺជាចំណុចគ្រោះថ្នាក់បំផុតសម្រាប់ភ្ញៀវទេសចរណ៍ ដោយមានអត្រាលើកឡើងពីការបោកប្រាស់ និងលូកហោប៉ៅរហូតដល់ ២៦.១៦ករណី ក្នុងចំណោម ១,០០០មតិយោបល់។

ការដែលទីក្រុងបាងកក ហក់ឡើងមកឈរនៅចំណាត់ថ្នាក់លេខ១ វ៉ាដាច់ទីក្រុងប៉ារីស មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាជាការព្រមានដ៏ធ្ងន់ធ្ងរមួយអំពីវិបត្តិសន្តិសុខ និងវប្បធម៌ធូររលុង នៅក្នុងប្រទេសថៃ។ ថ្វីត្បិតរដ្ឋាភិបាលថៃ ដែលបច្ចុប្បន្នដឹកនាំដោយនាយករដ្ឋមន្ត្រី លោក អានុទិន ឆាន់វីរគុល (Anutin Charnvirakul) តែងតែខិតខំប្រកាសអួតក្ដែងៗពីការកើនឡើងនៃតួលេខភ្ញៀវទេសចរ ដើម្បីបិទបាំងផលប៉ះពាល់សេដ្ឋកិច្ច និងផ្គាប់ចិត្តប្រជាជនខ្លួនឯងក៏ដោយ ប៉ុន្តែការបណ្តែតបណ្តោយឱ្យមានអំពើហិង្សា ចោរកម្ម ឆបោក គ្រឿងញៀន ជួញដូរមនុស្ស និងការជួញដូរផ្លូវភេទកើនឡើងកាន់តែខ្លាំង គឺជារឿងដែលមិនអាចប្រកែកបាន ព្រោះមានភស្តុតាងជាក់ស្ដែងដូចបានបង្ហាញពីខាងលើ។

ការអភិវឌ្ឍទេសចរណ៍ដែលខ្វះការទទួលខុសត្រូវលើសុវត្ថិភាព បែរជាកំពុងធ្វើឱ្យប្រទេសថៃស្អុយឈ្មោះនៅលើឆាកអន្តរជាតិ ហើយអាចនឹងក្លាយជា «ដែនដីដ៏គួរឱ្យភ័យខ្លាច» ដែលបរទេសលែងហ៊ានមកជាន់ ព្រោះរដ្ឋាភិបាល និងអាជ្ញាធរថៃនៅតែបន្តបិទភ្នែកមិនខ្ចីដោះស្រាយ និងជំរុញការសម្អាតប្រព័ន្ធសន្តិសុខ និងបង្ក្រាបក្រុមឧក្រិដ្ឋជនបោកប្រាស់ទាំងនេះដោយវិធានការច្បាប់តឹងរ៉ឹង។ ចំណុចនេះ អាចមកពីកត្តាស្រុះស្រួលចូលដៃជើងគ្នារវាងមន្ត្រីខិលខូចមួយចំនួន និងជនល្មើស ដើម្បីចែកផលប្រយោជន៍ណាមួយនោះ។

មិនត្រឹមតែជាឋានសួគ៌នៃទេសចរណ៍ប៉ុណ្ណោះទេ តែក៏ជាឋាននរកសម្រាប់ជនរងគ្រោះដោយអំពើឆបោក ឧក្រិដ្ឋកម្មអនឡាញ គ្រឿងញៀន ដែលបន្សល់នូវការឈឺចាប់និងទឹកភ្នែកដល់គ្រួសារនិងជនរងគ្រោះផងដែរ។ ដូចមានករណីឆបោកជនជាតិចិន មានទាំងនិស្សិតតារាសម្ដែង តារាបង្ហាញម៉ូដ ទៅជួញដូរលក់នៅព្រំដែនប្រទេសមីយ៉ាន់ម៉ាគឺជាឧទាហរណ៍ស្រាប់។

សោកនាដកម្មនៃរបាយការណ៍អន្តរជាតិនេះ បានដាស់តឿនដល់អ្នកធ្វើដំណើរជុំវិញពិភពលោកថា បច្ចុប្បន្ន ការទៅកម្សាន្តនៅប្រទេសថៃ មិនមែនជាការសម្រាកលំហែកាយដោយសុខសាន្តទៀតនោះទេ ប៉ុន្តែវាជាការប្រថុយប្រថាននឹងគ្រោះថ្នាក់ ព្រមទាំងប្រឈមមុខនឹងហានិភ័យចោរកម្ម និងល្បិចបោកប្រាស់គ្រប់ច្រកល្ហក ដែលត្រូវបានមើលរំលងដោយអាជ្ញាធរក្នុងតំបន់៕

ប្រភព៖ Travelandleisure

Share.