រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុង ពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះ មានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត, ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត, ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ, ប្រធានការិយាល័យស្រុកប្រតិបត្តិ, នាយក នាយិកាអនុវិទ្យាល័យ និងសាលាបឋមសិក្សា ប្រធានមណ្ឌលសុខភាពទូទាំងប្រទេស សរុបចំនួនប្រមាណជាង ២,០០០នាក់។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបំផុសចលនា និងលើកទឹកចិត្តដល់អង្គភាពនានា ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង ជាពិសេសផ្តោតសំខាន់លើវិស័យអប់រំ និងវិស័យសុខាភិបាល។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការវាយតម្លៃ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលារៀន និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការរៀបចំ និងចូលរួមក្នុងដំណើរការវាយតម្លៃយ៉ាងសកម្ម។ ភាពជោគជ័យ និងពានរង្វាន់ដែលលោក លោកស្រី ទទួលបាននាថ្ងៃនេះ គឺជាផ្លែផ្កាដ៏សមប្រកប ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងអាជ្ញាធរដែនដី ដែលបានរួមគ្នាក្នុងការពង្រឹងគណនេយ្យភាព និងស្វ័យភាពសាលារៀន ព្រមទាំងការកែលម្អស្ថានភាពសាលារៀន ឱ្យឈានទៅជាសាលារៀនស្តង់ដា និងសាលារៀនជំនាន់ថ្មី ដែលជាគំរូនវានុវត្តន៍ឈានមុខ។
បន្ថែមលើនេះ យន្តការនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងមុខងារសាធារណៈ គឺជា «កាតាលីករ និងជាកញ្ចក់ឆ្លុះ» ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់វិស័យអប់រំ ក្នុងការជំរុញស្មារតីប្រកួតប្រជែងជាវិជ្ជមានក្នុងចំណោមសាលារៀន។ ការវាយតម្លៃផ្អែកលើលក្ខណៈវិនិច្ឆ័យច្បាស់លាស់ រួមទាំងវិធីសាស្ត្រវាយតម្លៃសាលាបឋមសិក្សា និងអនុវិទ្យាល័យគំរូ បានក្លាយជាមគ្គុទេសក៍អភិបាលកិច្ចដ៏មានតម្លៃ ដែលបានជួយឱ្យសាលារៀនទាំង ១០០ ដែលជាគោលដៅវាយតម្លៃនាឆ្នាំ២០២៥ (រួមទាំងសាលាជ័យលាភីចំនួន ២០ គឺសាលាបឋមសិក្សា ១០ និងអនុវិទ្យាល័យ ១០) ក៏ដូចជាសាលារៀនរាប់ពាន់ទៀតនៅទូទាំងប្រទេស បានយល់ច្បាស់ពីចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ខ្លួន។
សមិទ្ធផលដែលអង្គភាពជ័យលាភីសម្រេចបាននៅថ្ងៃនេះ សបញ្ជាក់ឱ្យឃើញថា នៅពេលដែលសាលារៀនមានអភិបាលកិច្ចល្អ មានការដឹកនាំប្រកបដោយនវានុវត្តន៍ និងមានការចូលរួមពីសហគមន៍ នោះគុណភាពអប់រំនឹងត្រូវបានលើកកម្ពស់ ហើយការផ្តល់សេវាជូនប្រជាពលរដ្ឋនឹងកាន់តែមានភាពល្អប្រសើរ ដែលបង្កើតបានជា «ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធអប់រំរដ្ឋ»។

នាឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន (គ.វ.ជ.) បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គ្រប់អង្គភាពទាំងអស់នៃវិស័យទាំង២ ដែលបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងសុខាភិបាល ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយគូសបញ្ជាក់ថា សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់សាលារៀន ឬមណ្ឌលសុខភាពនីមួយៗប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃការរីកចម្រើន និងជាផ្លែផ្កានៃការកែទម្រង់រដ្ឋបាលសាធារណៈដ៏ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារ មនសិការវិជ្ជាជីវៈ និងបង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើរដ្ឋបាលសាធារណៈ។ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់អង្គភាពដែលទទួលបាន ជ័យលាភី ដែលជាអង្គភាពផ្តល់សេវាសាធារណៈគំរូទាំងអស់ និងសូមលើកទឹកចិត្តដល់អង្គភាពដែលមិនទាន់បានទទួលជ័យលាភី ឱ្យបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ក្នុងវិស័យអប់រំឆ្នាំ២០២៥ អង្គភាពដែលទទួលបានជ័យលាភីរួមមាន៖
សម្រាប់កម្រិតសាលាបឋមសិក្សា៖
- (លេខ១) ៖ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព (ខេត្តព្រះសីហនុ)
- (លេខ២) ៖ សាលាបឋមសិក្សា ស្វាយជ្រំ (ខេត្តស្វាយរៀង)
- (លេខ៣) ៖ សាលាបឋមសិក្សា សម្តេច ជា ស៊ីម (ខេត្តបាត់ដំបង)
- (លេខ៤) ៖ សាលាបឋមសិក្សា ក្រវ៉ាន់ (ខេត្តសៀមរាប)
- (លេខ៥) ៖ សាលាបឋមសិក្សា ថ្លុកជ្រៅ (ខេត្តកំពង់ចាម)
- (លេខ៦) ៖ សាលាបឋមសិក្សា ពោធិ៍សាត់ (ខេត្តពោធិ៍សាត់)
- (លេខ៧) ៖ សាលាបឋមសិក្សា គិរីសុវណ្ណវង្ស (ខេត្តកំពង់ឆ្នាំង)
- (លេខ៨) ៖ សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ (ខេត្តកំពង់ធំ)
- (លេខ៩) ៖ សាលាបឋមសិក្សា អង្គជុំ (ខេត្តកំពត)
- (លេខ១០) ៖ សាលាបឋមសិក្សា ចតុមុខ (រាជធានីភ្នំពេញ)។
សម្រាប់កម្រិតអនុវិទ្យាល័យ៖
- (លេខ១) ៖ អនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា (ខេត្តសៀមរាប)
- (លេខ២) ៖ អនុវិទ្យាល័យ បាក់អំរែក (ខេត្តបាត់ដំបង)
- (លេខ៣) ៖ អនុវិទ្យាល័យ ភ្នំយ៉ាត (ខេត្តប៉ៃលិន)
- (លេខ៤) ៖ អនុវិទ្យាល័យ សម្តេចឪ (ខេត្តព្រះសីហនុ)
- (លេខ៥) ៖ អនុវិទ្យាល័យ ឈូកខ្សាច់ (ខេត្តកំពង់ធំ)
- (លេខ៦) ៖ អនុវិទ្យាល័យ សង្គមថ្មី (ខេត្តព្រះវិហារ)
- (លេខ៧) ៖ អនុវិទ្យាល័យ ទួលថ្ម (ខេត្តកំពង់ចាម)
- (លេខ៨) ៖ អនុវិទ្យាល័យ អន្លង់អក (ខេត្តកំពង់ចាម)
- (លេខ៩) ៖ អនុវិទ្យាល័យ អរញ្ញរង្សី (ខេត្តសៀមរាប)
- (លេខ១០) ៖ អនុវិទ្យាល័យ បរកែវ (ខេត្តរតនគិរី)៕






