ភ្នំពេញ៖ កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំងអន្តរាគមន៍ និងសម្ភារៈសង្គ្រោះគ្រប់ប្រភេទឱ្យស្ថិតក្នុងស្ថានភាពត្រៀមខ្លួន ១០០% ដើម្បីឆ្លើយតប និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីកើតមានគ្រោះមហន្តរាយទឹកជំនន់ តាមបណ្តាខេត្តនានា។




ការត្រៀមនេះ ធ្វើឡើងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ខណៈឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំត្រួតពិនិត្យកម្លាំងអន្តរាគមន៍ ព្រមទាំងរថយន្តដឹកជញ្ជូនធុនធ្ងន់ អូរប័រសង្គ្រោះ ម៉ាស៊ីនអូរប័រ អាវពោង និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីធានាការចល័តកម្លាំងបានលឿន និងមានប្រសិទ្ធភាពនៅពេលមានស្ថានការណ៍បន្ទាន់។




ការត្រៀមលក្ខណៈនេះ បានផ្តោតលើការរៀបចំកម្លាំងនាយទាហាន នាយទាហានរង និងពលទាហាន ដែលមានជំនាញសង្គ្រោះ និងវិន័យខ្ពស់ ព្រមទាំងត្រួតពិនិត្យសម្ភារៈសង្គ្រោះ និងមធ្យោបាយដឹកជញ្ជូន រួមមាន រថយន្តដឹកជញ្ជូនធុនធ្ងន់ អូរប័រសង្គ្រោះ ម៉ាស៊ីនអូរប័រ អាវពោង និងឧបករណ៍ភស្តុភារចាំបាច់ផ្សេងៗ ដើម្បីធានាថា អាចចល័តកម្លាំងបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។





ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានណែនាំឱ្យកម្លាំងអន្តរាគមន៍ទាំងអស់ រក្សាស្មារតីទទួលខុសត្រូវខ្ពស់ ត្រៀមខ្លួនប្រតិបត្តិការរយៈពេល ២៤ម៉ោងលើ២៤ម៉ោង ដោយចាត់ទុកសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត ស្របតាមទស្សនវិជ្ជា «កងទ័ពកើតចេញពីប្រជាជន ធ្វើដើម្បីប្រជាជន និងនៅក្បែរប្រជាជនគ្រប់គ្រាលំបាក»។











