តាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តម្លៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរនៅចំពោះមុខប្រាង្គប្រាសាទបុរាណ កំពុងត្រូវបានរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី និងប៉ូលិសការពារបេតិកភណ្ឌ ចុះជួបសំណេះសំណាល និងអប់រំណែនាំដល់ក្រុមអាជីវករជួលសម្លៀកបំពាក់បែបខ្មែរបុរាណនៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ដើម្បីតម្រង់ទិសឱ្យចៀសវាងការប្រើប្រាស់ឈុតឆ្នៃខុសក្បួនខ្នាត ដែលបម្រើឱ្យវប្បធម៌បរទេស។

ការចុះណែនាំនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់អាជីវករអំពីក្បួនខ្នាត និងរចនាបថសម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យបានត្រឹមត្រូវ និងដើម្បីឱ្យអាជីវករអាចបែងចែកដឹងច្បាស់ថា អ្វីជាទម្រង់ខ្មែរពិតប្រាកដ ហើយអ្វីដែលជាឥទ្ធិពលវប្បធម៌បរទេស។

លោក ចាន់ សោភ័ន មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងជាអ្នកជំនាញស្រាវជ្រាវផ្នែកសម្លៀកបំពាក់ខ្មែរ បានទម្លាយឱ្យដឹងថា បច្ចុប្បន្នមានអាជីវករមួយចំនួននៅមុខបរិវេណប្រាសាទអង្គរវត្ត បានជួលឈុតបុរាណដែលស្លៀកពាក់ខុសពីទម្រង់ដើមរហូតដល់ ៧០ភាគរយ។ អ្វីដែលជាការព្រួយបារម្ភខ្លាំង គឺការប្រើប្រាស់កំណាត់សំពត់ និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃ ឡាវ និងចិន ដែលសកម្មភាពនេះគឺប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរទាំងស្រុង ពោលគឺដូចជាការបម្រើឱ្យវប្បធម៌បរទេសទៅវិញ។

មន្ត្រីជំនាញរូបនេះបានពន្យល់ពីក្បួនខ្នាតត្រឹមត្រូវតាមឋានានុក្រមសម័យបុរាណ ដូចខាងក្រោម៖

ឋានៈព្រះមហាក្សត្រ និងម្ចាស់ក្សត្រី៖ ត្រូវប្រើសម្លៀកបំពាក់ហូលដែលធ្វើពីសូត្រ។

ឋានៈសេដ្ឋី គហបតី៖ ត្រូវប្រើកំណាត់ល្បើក និងល្បើកជ័រជើង។

រាស្ត្រសាមញ្ញទូទៅ៖ ត្រូវប្រើកំណាត់ដែលត្បាញពីកប្បាស។

លោក ចាន់ សោភ័ន បញ្ជាក់បន្ថែមថា «ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើកំណាត់សំពត់ និងគ្រឿងអលង្ការដែលជារបស់ខ្មែរ ហើយមិនត្រូវកែច្នៃឱ្យខុសពីក្បួនខ្នាតឡើយ។ ការប្រើប្រាស់ហូល សូត្រ ឬល្បើកពេជ្រ និងគ្រឿងអលង្ការខ្មែរ គឺជាការលើកតម្លៃអ្នកតម្បាញ និងជាងទងខ្មែរ ព្រមទាំងជួយឱ្យវប្បធម៌ខ្មែរនៅគង់វង្ស»។

ជាមួយគ្នានោះដែរ លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ករណីជួលសម្លៀកបំពាក់មិនត្រឹមត្រូវតាមទម្រង់ដើមនៅក្នុងតំបន់អង្គរ បានរងការរិះគន់ជាបន្តបន្ទាប់ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃវប្បធម៌ជាតិ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរា បានដាក់ចេញនូវវិធានការក្ដៅ និងកំហិតដាច់ខាតដូចជា៖ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ រាល់សម្លៀកបំពាក់បុរាណដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យស្លៀកចូលទៅទស្សនាទម្រង់ប្រាសាទអង្គរឡើយ។ ឱសានវាទចុងក្រោយ គឺត្រឹមខែមករា ឆ្នាំ២០២៧ រាល់ការប្រើប្រាស់សម្លៀកបំពាក់ដែលយកកំណាត់សំពត់មកពីប្រទេសថៃ ឡាវ និងចិន ត្រូវតែបញ្ចប់ជាស្ថាពរ។

ដោយឡែគអាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ខេត្ត បានសំណូមពរយ៉ាងទទូចដល់ក្រុមអាជីវករទាំងអស់ ត្រូវរួសរាន់កាត់បន្ថយ និងឈានទៅបញ្ឈប់ការប្រើប្រាស់កំណាត់បរទេសតម្លៃថោកៗទាំងនោះ ដើម្បីរួមគ្នាការពារតម្លៃនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងថែរក្សាកេរដំណែលដូនតាឱ្យបានត្រឹមត្រូវបរិសុទ្ធឡើងវិញ៕

Share.