វិស័យទេសចរណ៍នៃប្រទេសជិតខាងទាំងបី គឺកម្ពុជា ឡាវ និងវៀតណាម បានឈានជើងមួយជំហានធំថ្មីមួយទៀត ក្នុងការបង្រួបបង្រួមតំបន់ឱ្យក្លាយជាគោលដៅទេសចរណ៍តែមួយ បន្ទាប់ពីតំណាងស្ថាប័នជាតិទេសចរណ៍នៃប្រទេសទាំងបី បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ ក្នុងការដាក់ចេញនូវកញ្ចប់ទស្សនកិច្ចរួមគ្នា និងផែនការសកម្មភាពជាក់ស្តែងនិយម ដើម្បីជំរុញលំហូរភ្ញៀវទេសចរ។

ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រីភាគីដ៏មានសារៈសំខាន់ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះរៀបចំឡើងស្របពេលដែលគណៈប្រតិភូទេសចរណ៍នៃប្រទេសទាំងបី កំពុងចូលរួមកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៦៤ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។

នៅក្នុងជំនួបនោះ ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ចំណែកភាគីឡាវ ដឹកនាំដោយ លោកជំទាវ Phonemaly Inthaphome អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ និងភាគីវៀតណាម ដឹកនាំដោយ លោកជំទាវ Thi Hoa Nguyen អនុប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម។

យោងតាមលទ្ធផលនៃកិច្ចប្រជុំ ឧត្តមមន្ត្រីទេសចរណ៍នៃប្រទេសទាំងបី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពកន្លងមក និងបានសម្រេចដាក់ចេញនូវរបត់ថ្មីមួយសម្រាប់យុទ្ធនាការ «ប្រទេសបី គោលដៅមួយ (Three Countries, One Destination)» តាមរយៈការបង្កើត កញ្ចប់ទស្សនកិច្ចរួមគ្នា (Joint Package Tour) ដែលមានរយៈពេលសរុប ៩ថ្ងៃ។ នៅក្នុងកញ្ចប់ទស្សនកិច្ចនេះ ភ្ញៀវទេសចរនឹងចំណាយពេល ៣ថ្ងៃនៅប្រទេសវៀតណាម, ៣ថ្ងៃនៅប្រទេសកម្ពុជា និង ៣ថ្ងៃនៅប្រទេសឡាវ ដោយបញ្ចូលនូវគោលដៅទេសចរណ៍សំខាន់ៗដែលជាអត្តសញ្ញាណរបស់ប្រទេសនីមួយៗ។ យុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទាញទាំងភ្ញៀវទេសចរផ្ទៃក្នុងតំបន់ (Intra-Regional Travelers) និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសទីបី (Plus-One Countries)។

ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានព្រមព្រៀងលើ ផែនការសកម្មភាពរួម (Joint Action Plan) ដោយផ្តោតលើភាពប្រាកដនិយម និងអាចអនុវត្តបានភ្លាមៗ រួមមាន៖ ការផលិតវីដេអូផ្សព្វផ្សាយទេសចរណ៍រួមគ្នារវាង កម្ពុជា-ឡាវ-វៀតណាម ការសហការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងផ្នែកទេសចរណ៍ វប្បធម៌ និងកីឡា ការតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន តាមរយៈកម្មវិធីជំនួបពាណិជ្ជកម្ម (Business Matching) និងការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) ឱ្យបានទៀងទាត់ និងការជំរុញ និងសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរ។

ដើម្បីឱ្យផែនការសកម្មភាពរួមនេះដំណើរការទៅដោយរលូន មន្ត្រីជំនាញនៃប្រទេសទាំងបី នឹងបន្តជួបប្រជុំគ្នាដើម្បីដកស្រង់យកសកម្មភាពណាដែលអាចអនុវត្តបានរហ័ស មានប្រសិទ្ធភាពខ្ពស់ និងលេចចេញជាលទ្ធផលភ្លាមៗ (Low-hanging fruits) យកមកអនុវត្តជាមុន។

គួរបញ្ជាក់ផងដែរថា រាល់លទ្ធផលនៃការអនុវត្តសកម្មភាព និងយុទ្ធនាការទាំងអស់នេះ នឹងត្រូវយកទៅរាយការណ៍ជូនរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងបី នៅក្នុងឱកាស «កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី១» ដែលនឹងប្រព្រឹត្តទៅនាអំឡុងពេលពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី២០ (ITE HCMC 2026) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅសាទារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិនិត្យ វាយតម្លៃ និងដាក់ចេញផែនការអនុវត្តបន្តសម្រាប់ពេលអនាគត៕

Share.