ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri Dato’ Seri Haji Malek Razak bin Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូ ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានេះ ដោយសម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាផ្នែកនៃការរឹតចំណងមិត្តភាពរវាងទំនាក់ទំនងកម្ពុជានិងម៉ាឡេស៊ី និយាយជារួម ហើយនិយាយដោយឡែកគឺនៅក្នុងកិច្ចសហប្រតិបត្តិការ នៃកងទ័ពនិងកងទ័ពរវាងប្រទេសទាំងពីរហើយសម្ដេចក៏បានអបអរសាទរចំពោះឯកឧត្តម Tan Sri ដែលបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri ក៏បានសម្ដែងនូវការអរគុណជាពន្លឹកចំពោះឯកឧត្តម អាន់វ៉ាអ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅពេលដែលឯកឧត្តមនៅជាប្រធានអាស៊ានកន្លងទៅដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការស្វែងរកដំណោះស្រាយជុំវិញជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ជាពិសេសនៅក្នុងអាណត្តិ ដែលម៉ាឡេស៊ីគឺធ្វើជាប្រធានអាស៊ាន ដែលបាននាំឱ្យមានការបង្កើនទៅជាក្រុមការងារ AOT ដែលសម្តេចតេជោបានចាត់ទុកនេះ គឺជាមរតកដែលកើតឡើងក្នុងអំឡុងពេលដែលម៉ាឡេស៊ីបានធ្វើជាប្រធានអាស៊ាន។

ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកអំពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃផងដែរ ដែលសម្ដេចបានបញ្ជាក់នូវគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជានិងថៃដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri ក៏បានលើកឡើងដោយកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ថា ជាមេដឹកនាំមួយដែលឯកឧត្តមគោរពដែលបានប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់មានសង្គ្រាមក្លាយជាប្រទេសដែលមានការអភិវឌ្ឍ ហើយឯកឧត្តមពិតជាគោរពចំពោះបទពិសោធន៍និងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយឯកឧត្តមក៏បានគាំទ្រពេញទំហឹងចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីផងដែរ៕

