អត្រាឆ្លងជំងឺគ្រុនឈាមលើកុមារកំពុងមានការហក់ឡើងគួរឱ្យកត់សម្គាល់នៅក្នុងរដូវវស្សានេះ។ យោងតាមរបាយការណ៍ផ្លូវការចុងក្រោយបង្អស់ពីមន្ទីរពេទ្យគន្ធបុប្ផា គិតត្រឹមពេញមួយខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ចំនួនកុមារដែលត្រូវបានបញ្ជូនមកសម្រាកព្យាបាលដោយសារជំងឺគ្រុនឈាមបានកើនឡើងរហូតដល់១ ៨៩២ នាក់។ តួលេខដ៏ខ្ពស់នេះ ជាសញ្ញាព្រមាន និងជាការអំពាវនាវយ៉ាងទទូចដល់អាណាព្យាបាលគ្រប់រូប ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតលើសុខភាពកូនៗនៅក្នុងរដូវភ្លៀងធ្លាក់នេះ។

យ៉ាងណាមិញនៅក្នុងការប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះ មន្ទីរពេទ្យគន្ធបុប្ផាបានបង្ហាញពីស្ថិតិនៃសេវាពិនិត្យ និងព្យាបាលទៅលើស្ត្រីមានផ្ទៃពោះ ទារក និងកុមារ សម្រាប់ខែមិថុនា ឆ្នាំ២០២៦ ដោយមានកុមារមកទទួលការពិនិត្យ ព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅចំនួន ៧៥ ២៥៨ នាក់ និង កុមារបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៧ ៥៩០នាក់ ដោយក្នុងនោះមានជំងឺគ្រុនឈាម ១ ៨៩២នាក់។ ការពិនិត្យ និងសម្រាកព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺមិនគិតថ្លៃ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើងនោះឡើយ។
មន្ទីរពេទ្យគន្ធបុប្ផាបានបញ្ជាក់ឡើងវិញថា រាល់ការពិនិត្យ ពិគ្រោះ និងសម្រាកព្យាបាលទាំងអស់នៅគ្រប់សាខានៃមន្ទីរពេទ្យ គឺ មិនមានការគិតថ្លៃឡើយ ដោយធានានូវវិជ្ជាជីវៈវេជ្ជសាស្ត្រខ្ពស់ និងគ្មានការរើសអើងណាមួយនោះឡើយ។

ដើម្បីការពារកូនៗជាទីស្រឡាញ់ពីការយាយីនៃមេរោគគ្រុនឈាម អាជ្ញាធរសុខាភិបាល និងមន្ទីរពេទ្យសូមណែនាំឱ្យឪពុកម្តាយគ្រប់រូបរៀបចំកម្ចាត់ជម្រកមូសខ្លាជុំវិញផ្ទះ ប្រើប្រាស់ថ្នាំបាញ់មូស ឬអាល់តេ ស្លៀកសម្លៀកបំពាក់ដៃវែងជើងវែងឱ្យកូន និងត្រូវគេងក្នុងមុងជានិច្ចទាំងយប់ទាំងថ្ងៃ។ ក្នុងករណីកូនៗមានអាការក្តៅខ្លួនខ្លាំងខុសធម្មតា សូមប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ចៀសវាងការទិញថ្នាំផ្សំយកមកព្យាបាលដោយខ្លួនឯង ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។

ទន្ទឹមនឹងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានបន្តអំពាវនាវ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគថវិកា ទោះតិចក្តីច្រើនក្តី ក្រោមស្មារតីខ្មែរជួយខ្មែរ។ រាល់ការចូលរួមចំណែករបស់លោកអ្នក គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការទ្រទ្រង់ដំណើរការមន្ទីរពេទ្យ និងរួមគ្នានាំមកនូវស្នាមញញឹម ក្តីសង្ឃឹម និងជីវិតថ្មីជូនដល់កុមារកម្ពុជា ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ៕


