របាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងរយៈពេលឆមាសទី ១ នៃឆ្នាំ ២០២៦ នេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២៧៦ គម្រោង។ គម្រោងវិនិយោគទាំងនេះមានទំហំទុនវិនិយោគសរុបចំនួន ៤,៧ ប៊ីលានដុល្លារអាមេរិក និងត្រូវបានរំពឹងថានឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៦០,០០០ កន្លែង។ កំណើនលំហូរទុនវិនិយោគនេះ ឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស មកលើស្ថិរភាព និងបរិយាកាសវិនិយោគរបស់ប្រទេសកម្ពុជា។

យោងតាមរបាយការណ៍ដដែល ការបែងចែកទុនវិនិយោគតាមវិស័យបង្ហាញថា វិស័យឧស្សាហកម្មទទួលបានទុនវិនិយោគច្រើនជាងគេបង្អស់ គឺចំនួន ២,៤៦ ប៊ីលានដុល្លារអាមេរិក។ បន្ទាប់មកគឺវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ដែលទទួលបានទុនវិនិយោគចំនួន ១,៧២ ប៊ីលានដុល្លារអាមេរិក។ ដោយឡែក វិស័យទេសចរណ៍ទទួលបានការចុះបញ្ជីគម្រោងក្នុងទំហំទុន ៣០០ លានដុល្លារអាមេរិក ខណៈដែលវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទទួលបានទុនវិនិយោគចំនួន ១១៣ លានដុល្លារអាមេរិក។

ចំណុចគួរឱ្យកត់សម្គាល់នៃរបាយការណ៍នេះគឺ ប្រភពទុនវិនិយោគក្នុងស្រុកបាននាំមុខគេ ដោយរួមចំណែករហូតដល់ ៥១,១៤ ភាគរយ នៃទំហំទុនវិនិយោគសរុប។ ជាមួយគ្នានោះ ប្រភពទុនវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់ថ្នាក់លេខពីរ ដោយគ្របដណ្តប់ប្រមាណ ៣៤,៧៥ ភាគរយ ហើយតាមពីក្រោយដោយបណ្តាប្រទេសដទៃទៀត រួមមានប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហូឡង់ ជប៉ុន និងសហរដ្ឋអាមេរិក។

ចំពោះទីតាំង និងសកម្មភាពវិនិយោគជាក់ស្តែង របាយការណ៍បានគូសបញ្ជាក់ថា គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស រួមមាន គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត និងគ្រឿងបន្លាស់ គម្រោងកសិកម្ម និងគម្រោងបង្កើតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ នៅខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី។ ដោយឡែក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ គម្រោងភាគច្រើនផ្តោតលើការបង្កើតរោងចក្រផលិតសំបកកង់យានយន្ត និងគ្រឿងបន្លាស់ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្វាយរៀង៕

Share.