រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ១៨០៩អង្គ/នាក់។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងស្ថាប័នដែលជាដៃគូអប់រំ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ អាណាព្យាបាល និងនិស្សិតជ័យលាភី សរុបជាង ៣,៥០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឡើងធ្វើរបាយការណ៍អំពីលទ្ធផលនៃការបណ្តុះបណ្តាល ព្រមទាំងការចូលរួមក្នុងកិច្ចការសង្គមជាច្រើនរបស់និស្សិតនៃសាកលវិទ្យាល័យប៊ែលធី ជាពិសេសក្នុងព្រឹត្តិការណ៍សំខាន់ៗសំដៅដល់ការកសាង និងបណ្ដុះស្មារតីជាតិនាពេលកន្លងមក។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ផ្សាភ្ជាប់ជាមួយនឹងការអបអរសាទរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះការខំប្រឹងប្រែង ដោយសង្ឃឹមថា អ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ នឹងទទួលបានជោគជ័យ ក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយសម្រាប់ខ្លួនឯង នាំការសាទរ កិតិ្តយសសម្រាប់គ្រួសារ និងសូមឱ្យមានការផ្សាភ្ជាប់អ្វី ដែលជាមាគ៌ាជីវិតរបស់ខ្លួន ទៅលើភាពសុខទុក្ខរបស់ប្រទេសជាតិ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចដែរថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ការអប់រំទៅលើជំនាញតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ឡើយ ប្អូនៗត្រូវមានទាំងចំណេះ និងវិន័យទើបអាចក្លាយជាមន្រ្តីដែលពោរពេញទៅដោយសមត្ថភាព និងគុណភាព ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា «ការបណ្តុះបណ្តាលមន្រ្តីតែសមត្ថភាព មិនគ្រប់គ្រាន់ឡើយ ត្រូវបណ្តុះបណ្តាលបន្ថែមលើឥរិយាបទ និងអកប្បកិរិយា (វិន័យ)»។

សូមជម្រាបថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ១៨០៩អង្គ/នាក់ ក្នុងនោះរួមមាន៖ ថ្នាក់បណ្ឌិត ចំនួន ០១នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥៣នាក់ បរិញ្ញាបត្រ ចំនួន ១៤១០នាក់ និស្សិតថ្នាក់បរិញ្ញាបត្ររង ចំនួន ៣៤៥នាក់ ក្នុងនោះមាននិស្សិតអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៣៣នាក់ ស្រី ១៧នាក់ និងនិស្សិតអាហារូបករណ៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចំនួន ៣០នាក់ ស្រី ១៤នាក់ផងដែរ។ បច្ចុប្បន្ន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពាន អាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធីប្រគល់សញ្ញាបត្រនាពេលនេះ) និងទីតាំងទី៣-ទួលពង្រ (កំពុងសាងសង់)៕

Share.