ក្រុមហ៊ុនយក្សចិន China Energy International Group Co., Ltd. បានបង្ហាញបំណងយ៉ាងមុតមាំក្នុងការពង្រីកទុនវិនិយោគបន្ថែមលើវិស័យសក្តានុពលសំខាន់ៗចំនួនបីនៅកម្ពុជា រួមមាន ការផលិតស៊ីម៉ងត៍ ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។

ការប្រកាសពង្រីកវិសាលភាពវិនិយោគនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International Group Co., Ltd. នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងឱកាសនៃជំនួបនោះ លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលតែងតែផ្តល់កិច្ចសហការយ៉ាងពេញទំហឹងដល់ប្រតិបត្តិការរបស់ក្រុមហ៊ុននាពេលកន្លងមក។ លោក Qiao Xubin បានជម្រាបជូនសម្តេចធិបតីថា កាលពីដំបូងឡើយ ក្រុមហ៊ុនបានផ្តោតលើការអនុវត្តវិស្វកម្ម លទ្ធកម្ម និងការសាងសង់ (EPC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។ ប៉ុន្តែបច្ចុប្បន្ន ដោយសម្លឹងឃើញឱកាសរីកចម្រើន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ចង់ពង្រីកការវិនិយោគបន្ថែមលើវិស័យថ្មីៗ ដូចជាការផលិតស៊ីម៉ងត៍ ប្រព្រឹត្តកម្មទឹកស្អាត និងថាមពលកកើតឡើងវិញ ហើយក្រុមហ៊ុនពិតជារីករាយដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនុកចិត្តរបស់ក្រុមហ៊ុនដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងពង្រីកការវិនិយោគថ្មីៗនេះ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលស្អាត គឺជាអាទិភាពចម្បងបំផុតដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់។ បច្ចុប្បន្ននេះ កម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ប្រមាណ ៦២% រួចទៅហើយ និងកំពុងជំរុញឱ្យសម្រេចបានរហូតដល់ ៧០% ត្រឹមឆ្នាំ២០៣០ ខាងមុខ។ ជាមួយគ្នានេះ កម្ពុជាក៏មានចំណាប់អារម្មណ៍ខ្លាំងក្នុងការនាំចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពនៃប្រភពថាមពលអគ្គិសនីដែលមានស្រាប់ផងដែរ។
ជាទីបញ្ចប់ សម្ដេចធិបតីបានសង្កត់ធ្ងន់ និងផ្តល់ការជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការគាំទ្រជានិច្ច ដើម្បីធានាឱ្យបណ្តាក្រុមហ៊ុនវិនិយោគទទួលបានជោគជ័យ និងរីកចម្រើនទៅមុខ។ ទន្ទឹមនឹងនោះ សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន China Energy International Group បន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញឱ្យផែនការពង្រីកការវិនិយោគនេះ ទទួលបានផ្លែផ្កាជោគជ័យជាបន្តបន្ទាប់ទៀត៕

