ពហុកីឡដ្ឋានជាតិមរតកតេជោ សហការជាមួយក្រុមហ៊ុន NANO SOUND, STADIUMX ចូលរួមគាំទ្រដោយក្រុមហ៊ុន KIRISAN Group និងលោក Dr Tong ត្រៀមរៀបចំការប្រគុំតន្ត្រីសប្បុរសធម៌ «បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីកៀគរថវិកាគាំទ្រដល់ការព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋាន បានលើកឡើងថា ប្រសិនបើព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះដំណើរការទៅដោយជោគជ័យ និងមានអ្នកចូលរួមច្រើនកុះករ ពហុកីឡដ្ឋានជាតិ រួមទាំងដៃគូសហការ នឹងរៀបចំកម្មវិធីនេះឱ្យក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ព្រមទាំងពង្រីកទំហំឱ្យកាន់តែធំនៅឆ្នាំខាងមុខ។


ជាមួយគ្នានេះ លោក ឃាង តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងស្វាគមន៍ និងបង្ហាញក្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងទទួលបានការគាំទ្រពីសាធារណជន ជាពិសេសយុវជន ដើម្បីក្លាយជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំមួយទៀតសម្រាប់មូលនិធិ។
ថវិកាដែលទទួលបានពីការលក់សំបុត្រឌីជីថល (Digital Ticket) ដែលមានតម្លៃ ២ម៉ឺនរៀលក្នុងមួយសន្លឹក នឹងត្រូវប្រគល់ជូនមូលនិធិគន្ធបុប្ផាទាំងស្រុង ដោយមិនមានការកាត់កងលើការចំណាយណាមួយឡើយ។ ចំពោះការចំណាយលើការរៀបចំការប្រគុំតន្ត្រីទាំងមូល គឺទទួលរាប់រងដោយអ្នករៀបចំកម្មវិធី និងក្រុមហ៊ុនឧបត្ថម្ភ។ នេះមានន័យថា ថវិកា ១០០% របស់អ្នកចូលរួមទិញសំបុត្រ នឹងត្រូវចូលទៅកាន់មូលនិធិគន្ធបុប្ផាដោយផ្ទាល់ សម្រាប់ចាត់ចែងក្នុងដំណើរការមន្ទីរពេទ្យ ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
សម្រាប់សាធារណជនដែលមានបំណងចង់ទិញសំបុត្រចូលទស្សនាការប្រគុំតន្ត្រីសប្បុរសធម៌នេះ អាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ពហុកីឡដ្ឋានមរតកតេជោ (Morodok Techo National Stadium) ដើម្បីអនុវត្តតាមការណែនាំ៕
ទំព័រហ្វេសប៊ុកផ្លូវការរបស់ពហុកីឡដ្ឋានមរតកតេជោ៖ https://www.facebook.com/MorodokTechoNationalStadium/?_rdc=1&_rdr#

