ក្រុមហ៊ុនយក្សរបស់ចិន Yuanda Group បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យគន្លឹះចំនួនបីនៅកម្ពុជា រួមមាន វិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថល។ ការបង្ហាញឆន្ទៈនេះត្រូវបានធ្វើឡើងនៅចំពោះមុខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបពិភាក្សាការងារនាទឹកដីចិន។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា។
នៅក្នុងឱកាសនោះ លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនមានបទពិសោធន៍ និងភាពជាដៃគូរយៈពេលវែងជាមួយស្ថាប័នរដ្ឋ និងសាកលវិទ្យាល័យនានា ទាំងនៅក្នុងនិងក្រៅប្រទេសចិន។ ដោយសម្លឹងឃើញពីសក្ដានុពលនៃការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់កម្ពុជា លោកនាយកក្រុមហ៊ុនបានបញ្ជាក់ថា Yuanda Group ចង់ពង្រីកការវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យបង្គោលរបស់ក្រុមហ៊ុនស្រាប់។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ថា វិស័យទាំង៣ ដែលក្រុមហ៊ុនលើកឡើង គឺសុទ្ធសឹងតែជាវិស័យអាទិភាពខ្ពស់បំផុត ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយន្តការគាំទ្រនានា ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើន។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Yuanda Group រៀបចំដំណើរបំពេញទស្សនកិច្ចការងារដោយផ្ទាល់មកកាន់កម្ពុជា ដើម្បីបន្តពិភាក្សាលម្អិតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការចាប់យកឱកាសវិនិយោគជាក់ស្តែងឱ្យលេចចេញជាផ្លែផ្កានាពេលអនាគតដ៏ខ្លីខាងមុខ៕

