ក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលឈានមុខគេមួយរបស់ចិន គឺក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. បានបង្ហាញបំណងយ៉ាងមុតមាំក្នុងការបោះទុនវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅកម្ពុជា ដែលបំណងវិនិយោគនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ពលរដ្ឋក្នុងស្រុក និងកាត់បន្ថយការនាំចូល។

ការបង្ហាញឆន្ទៈនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា និងលោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍នៃក្រុមហ៊ុនខាងលើ នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាហរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបនោះ លោក Fu Laifa បានជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុនរបស់លោកគឺជាសហគ្រាសឈានមុខគេលើការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនប្រភេទ ដូចជា ថ្នាំសម្លាប់សត្វល្អិត សាប៊ូបោកខោអាវ ក្រដាសអនាម័យ និងសម្ភារៈផ្ទះបាយ។ ដោយមើលឃើញពីសក្តានុពលដ៏រឹងមាំរបស់កម្ពុជា ក្រុមហ៊ុនមានបំណងចង់មកដំឡើងរោងចក្រផ្ទាល់ ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ថា គម្រោងនេះគឺស្របគ្នាទាំងស្រុងទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជំរុញ និងលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស។

សម្តេចធិបតីបានបន្ថែមថា ប្រសិនបើគម្រោងវិនិយោគនេះលេចចេញជារូបរាង ក្រុមហ៊ុនមិនត្រឹមតែអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងបង្កើតការងារជូនពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសខ្ពស់ក្នុងការនាំចេញផលិតផលសម្រេចទាំងនោះ ទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់ទៀតផង។ ក្នុងន័យនេះ សម្តេចធិបតីបានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុន បន្តធ្វើការពិភាក្សាលម្អិតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីប្រែក្លាយបំណងវិនិយោគនេះឱ្យទៅជាការពិតជាក់ស្តែង ក្នុងពេលឆាប់ៗខាងមុខ៕

Share.