បន្ទាយមានជ័យ៖ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ក្នុងរយៈពេល ៥ថ្ងៃ ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសចំនួន ៥ករណី និងករណីគ្រឿងញៀន ១ករណី។

ប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ និងប្រជាពលរដ្ឋ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដោយប្រើកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥សង្កាត់ ស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប។

ក្នុងនោះ រួមមាន៖ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីធាក់យកម៉ូតូ នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី។ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីកាប់យកម៉ូតូចំនួន ៣ករណី នៅសង្កាត់ផ្សារកណ្តាល។ថ្ងៃទី១៤ និងទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូ និងដេញកាប់ នៅតំបន់ស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់និមិត្ត។ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៦នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Share.