ត្បូងឃ្មុំ៖ និស្សិតឆ្នើមតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ៥ រួមទាំងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នឹងចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងនវានុវត្តន៍យុវជនស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍតំបន់ឡានឆាង-មេគង្គ (YICMG) លើកទី១០ នៅសាកលវិទ្យាល័យអ៊ូហាន ប្រទេសចិន នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ការប្រកួតឆ្នាំនេះ មានក្រុមនិស្សិតឆ្នើមចំនួន ៣៤ ក្រុម មកពីប្រទេសសមាជិកទាំង ៦ រួមមាន ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ក្រុមតំណាងកម្ពុជា បានឆ្លងកាត់ការប្រកួតជម្រុះថ្នាក់ជាតិយ៉ាងស្វិតស្វាញ មុនឈានដល់វគ្គផ្តាច់ព្រ័ត្រអន្តរជាតិ ក្រោមប្រធានបទ «ហេដ្ឋារចនាសម្ព័ន្ធធន់ ការធ្វើឧស្សាហូបនីយកម្មប្រកបដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យា» និស្សិតកម្ពុជានឹងបង្ហាញគម្រោងនវានុវត្តន៍ ឧបករណ៍ប្រើប្រាស់ជាក់ស្តែង កម្មវិធីទូរស័ព្ទឆ្លាតវៃ (Mobile Apps) និងដំណោះស្រាយឌីជីថល ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាព និងសក្តានុពលរបស់យុវជនកម្ពុជា។ព្រឹត្តិការណ៍នេះក៏ជាការអបអរសាទរខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គផងដែរ។

ការប្រកួតនឹងចាក់ផ្សាយបន្តផ្ទាល់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ ព្រឹក (ម៉ោងកម្ពុជា) តាមប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ CCTV-4 និងបណ្តាញផ្សព្វផ្សាយឌីជីថលពាក់ព័ន្ធ។

អត្ថបទ÷អាចារ្យលាក់

Share.