បាងត់ដំបង÷ ឯកឧត្តម គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីជំនាញត្រូវពន្លឿនការបែងចែក និងបញ្ជូន ទឹកដើម្បីស្រោចស្រពលើផ្ទៃដីដាំដុះស្រូវវស្សារបស់កសិករដែលកំពុងជួបប្រទះនូវកង្វះខាតទឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបងអោយបានលឿន។

នៅលើទឹកដីឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងដោយណែនាំដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនការបញ្ជូន និងបែងចែកទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាដែលកំពុងជួបប្រទះនូវកង្វះខាតទឹកជាចាំបាច់។

ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាកសិករនៅផ្នែកខាងលើដែលទទួលបានទឹកស្រោចស្រពមួយចំនួនហើយសូមមានការយោគយល់កុំដណ្ដើមយកទឹកបន្ថែមដើម្បីផ្តល់លទ្ធភាពទាញយកទឹកទៅចែកចាយដល់កសិករនៅផ្នែកខាងក្រោមដែលកំពុងត្រូវទឹកជាចាំបាច់ដែរ។

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា÷ ឆ្នាំនេះកើតមានបាតុភូតអែលនីញ៉ូ (El Niño) បណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀងស្ទើរតែទូទាំងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តបាត់ដំបងបានជួបនូវបញ្ហាខ្វះទឹកដូចគ្នា ប៉ុន្តែសំណាងល្អបានទទួលរបបទឹកភ្លៀងពីផ្នែកខាងលើនៃស្រុកសំឡូត ហេតុដូច្នេះមន្រ្តីជំនាញក៏បានបញ្ជូនទឹកចឹញពីអាងទឹកពហុបំណងបាត់ដំបង (សេកសក) ទម្លាក់តាមសំណង់ស្ទាក់ទឹកកង្ហត, សំណង់ស្ទាក់ទឹកសាលាតាអន និងអាងភាសក្នុងស្រុកឯកភ្នំដើម្បីគ្រប់គ្រង និងបែងចែកទឹកជូនដល់ប្រជាកសិករបានស្រោចស្រពដំណាំស្រូវ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ដែរថា÷ អាជ្ញាធរខេត្ត ក្រសួងធនធានទឹក និងឧតុនិយម ជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត បាននឹងកំពុងខិតខំអន្តរាគមន៍បែងចែក និងបញ្ជូនទឹកទៅសង្រ្គោះស្រូវនៅតាមតំបន់នានាដែលអាចជួយសង្រ្គោះបានក្រោមស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបន្ថែមថា÷ បន្ទាប់ពីទទួលបានទឹកភ្លៀងពីស្រុកសំឡូត មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបញ្ជូនទឹកតាមដងស្ទឹងសង្កែទៅជួយសង្រ្គោះស្រូវនៅក្នុងស្រុកឯកភ្នំប្រមាណ ៣ម៉ឺនហិកតា និងបន្តបញ្ជូនបែងចែកតាមសំណង់ស្ទាក់ទឹកកង្ហតទៅសង្រ្គោះស្រូវនៅស្រុកសង្កែ ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកគាស់ក្រឡ និងស្រុកមោងឫស្សីប្រមាណជាង ១០ម៉ឺនហិកតាទៀត៕

អត្ថបទ: ដំបងក្រញូង

Share.