មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សម្រេចបានការបោសសម្អាតនិងរំដោះផ្ទៃដីរងហានិភ័យពីគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមបានចំនួន ៧៥ ១៣២ ហិកតា ស្មើនឹង ៨២ ភាគរយ នៃផែនការប្រចាំឆ្នាំ គិតក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ នេះ។ លទ្ធផលនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្តរបស់អង្គភាព ដែលបានប្រព្រឹត្តទៅនៅសារមន្ទីរតេជោសន្តិភាព កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។


នៅក្នុងប្រតិបត្តិការចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងពហុជំនាញរបស់អង្គភាពស៊ីម៉ាក់ បានរុករកនិងបំផ្លាញចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ២០ ៨៦១ គ្រាប់ ព្រមទាំងបានចុះអន្តរាគមន៍ឆ្លើយតបភ្លាមៗតាមសំណើបន្ទាន់របស់ប្រជាពលរដ្ឋចំនួន ៤ ០២៣ លើក។ បន្ថែមលើនេះ សម្រាប់ការងារផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនដល់ក្រុមគោលដៅ អង្គភាពសម្រេចបានចំនួន ១៤ ៤៧៧ លើក ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១ ៣៧៤ ៨៧៧ នាក់ ស្មើនឹង ៥៩,១៧ ភាគរយ នៃផែនការប្រចាំឆ្នាំ។
ដោយឡែក ចំពោះវឌ្ឍនភាពនៃការងារស្រាវជ្រាវព័ត៌មាននិងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមពីការប៉ះទង្គិចនៅតាមព្រំដែនក្នុងឆ្នាំ២០២៥ កន្លងទៅ អង្គភាពស៊ីម៉ាក់បានចុះប្រតិបត្តិការនៅក្នុងភូមិចំនួន ៣៣៥ ក្នុងចំណោមភូមិគោលដៅចំនួន ៣៤៩ ស្ថិតក្នុងខេត្តជាប់ព្រំដែនទាំង៦ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង ដែលមានផ្ទៃដីរងផលប៉ះពាល់សរុបជិត ៣៨៧ ២០៦ ហិកតា។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការតាមបណ្តាខេត្តជាប់ព្រំដែនទាំងនោះ អង្គភាពបានកំណត់អាទិភាពរំដោះផ្ទៃដីដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅលំនៅដ្ឋានវិញរបស់ប្រជាពលរដ្ឋបានចំនួន ៥ ៩១១ ខ្នងផ្ទះ ឬស្មើនឹងផ្ទៃដីប្រមាណជិត ១ ៤៥៥ ហិកតា។ ទន្ទឹមនឹងនេះ ផ្ទៃដីសាលារៀនចំនួន ៨៧ ខ្នង (ស្មើនឹង ១៥៤ ហិកតា) មណ្ឌលសុខភាពចំនួន ២០ ទីតាំង វត្តអារាមចំនួន ៦ វត្ត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗចំនួន ១១៤ ទីតាំង ត្រូវបានរំដោះរួចរាល់ ដោយក្នុងនោះកម្លាំងជំនាញបានរុករកឃើញនិងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួនជាង ៨ ៤០០ គ្រាប់ ដែលរួមមានគ្រាប់បែកចង្កោមចំនួន ៤ ៤៣៦ គ្រាប់។
សម្រាប់ទិសដៅការងារបន្ត អង្គភាពស៊ីម៉ាក់បានដាក់ចេញនូវយុទ្ធសាស្ត្របង្កើនប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពប្រតិបត្តិការ ដោយផ្តោតលើការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ ព្រមទាំងការធ្វើទំនើបកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍។ ជាមួយគ្នានេះ អង្គភាពនឹងបន្តជំរុញការអភិវឌ្ឍសមត្ថភាពធនធានមនុស្សផ្ទៃក្នុង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីន និងពង្រឹងភាពជាម្ចាស់ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

