ក្រចេះ ៖ បងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើសកម្មភាពលួចជីក ខួង រករ៉ែមាសដោយខុសច្បាប់ គ្មានការអនុញ្ញាតិ នៅក្នុងតំបន់ហាមឃាត់ ដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលជាតំបន់ជើងភ្នំជី ជាប់ព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ ត្រូវបានកម្លាំងមន្ទីរបរិស្ថានខេត្តក្រចេះ ចុះបង្ក្រាបសកម្មភាព កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ការលួចលាក់ខួងរុករករ៉ែមាសដោយគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់ តំបន់ការពារ ជាការការបំផ្លិចបំផ្លាញធនធានធម្មជាតិ ។




ប្រតិបត្តិការខាងលើ ដឹកនាំដោយលោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ រួមជាមួយលោកអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ និងកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ រកឃើញនៅចំណុចថ្មពួយ និយាមកា 572899-1429880 ក្នុងភូមិសាស្ត្រខាងលើ ឃើញមានការជីកកាយ និងខួងរុករករ៉ែមាសមួយកន្លែង រួមទាំងរោងស្នាក់នៅប្រក់តង់កៅស៊ូមួយខ្នង តែជនសង្ស័យបានគេចខ្លួនបាត់អស់ បន្សល់ទុកតែសម្ភារ និងរោងស្នាក់នៅ ដែលត្រូវបានកម្លាំងឧទ្យានុរក្សរុះរើ និងដុតបំផ្លាញចោល ។




ទោះជាជនសង្ស័យរត់គេចបាត់អស់យ៉ាងណាក៏ដោយ កម្លាំងជំនាញនឹងបន្តធ្វើការស្រាវជ្រាវ ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិបែបនេះ ៕
