ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅភូមិធ្លក បានសម្តែងការព្រួយបារម្ភចំពោះគុណភាពផ្លូវបេតុងអាមេមួយខ្សែ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចូលក្នុងភូមិ បន្ទាប់ពីផ្លូវដែលទើបសាងសង់រួចថ្មីៗ ដោយក្រុមហ៊ុន ថេង រីតា ក្នុងគម្រោងមានតម្លៃជាង ៦៥៩លានរៀល បានលេចស្នាមប្រេះនៅកន្លែងមួយចំនួន ទាំងមិនទាន់មានការប្រើប្រាស់ច្រើននៅឡើយ។





បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិបានអះអាងថា ការសាងសង់ផ្លូវខ្សែនេះ ហាក់មានចំណុចមួយចំនួនមិនអនុវត្តតាមលក្ខណៈបច្ចេកទេស ដូចជាការមិនភ្ជាប់ដែកនៅចំណុចខ្លះ និងមិនឃើញមានការត្រួតពិនិត្យជាប់លាប់ពីមន្ត្រីជំនាញអំឡុងពេលសាងសង់ជាដើម។ ក្តីបារម្ភនេះ កើតឡើងដោយសារផ្លូវបានលេចស្នាមប្រេះ មុនពេលប្រជាពលរដ្ឋប្រើប្រាស់ជាប្រចាំ។




តាមពលរដ្ឋគម្រោងនេះ បានបើកដេញថ្លៃនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយដំបូងមានថវិកាប្រមាណជាង ៤៣០លានរៀល សម្រាប់ផ្លូវប្រវែង ៥២៨ម៉ែត្រ។ ក្រោយមក គម្រោងត្រូវបានអនុវត្តក្នុងទំហំប្រវែង ៨២៨ម៉ែត្រ ទទឹង ៦ម៉ែត្រ រួមទាំងបំពាក់អំពូលសូឡាចំនួន ៨ដើម ដែលមានថវិកាសរុបជាង ៦៥៩លានរៀល ក្រោមមូលនិធិឃុំ-សង្កាត់។




ជុំវិញការលើកឡើងនេះ លោក សឺង គិរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រដ្ឋបាលខេត្តនឹងបញ្ជូនក្រុមមន្ត្រីបច្ចេកទេសចុះពិនិត្យគុណភាពផ្លូវនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃជាក់ស្តែង និងចាត់វិធានការតាមនីតិវិធី ប្រសិនបើរកឃើញថាមានការសាងសង់មិនស្របតាមស្តង់ដារបច្ចេកទេស។








អត្ថបទ÷អាចារ្យលាក់
