ក្នុង «សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦» នៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើការគិតគូរលើអាទិភាពជាក់ស្តែងចំនួនបី ដើម្បីតម្រង់ទិសដៅនៃសកម្មភាពរួម៖
- អាទិភាពទី១ (អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន)៖ ជំរុញឱ្យ AI ដើរតួជាស្ពានសម្រាប់ការសហប្រតិបត្តិការសកល ជាជាងក្លាយជាចំណុចបំបែកនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបង្កើតសហគមន៍ឌីជីថលដែលបើកចំហរ។
- អាទិភាពទី២ (កំណើនជាក់ស្តែង)៖ ផ្តោតលើការបំប្លែងក្របខ័ណ្ឌទ្រឹស្តីទៅជាលទ្ធផលពិតៗ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្រឹះ និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញ AI។
- អាទិភាពទី៣ (ការកំណត់អាទិភាពជាតិ)៖ អនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» រួមជាមួយការបញ្ចប់សេចក្តីព្រាងច្បាប់សន្តិសុខសាយប័រ និងការការពារទិន្នន័យបុគ្គល ដើម្បីកសាងទំនុកចិត្តក្នុងសេដ្ឋកិច្ចឌីជីថល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើងទាន់ពេល និងស្ថិតក្រោមមូលបទដ៏ត្រឹមត្រូវ គឺ «ការជាដៃគូលើផ្នែកបញ្ញាសិប្បនិម្មិត ដើម្បីអនាគតដ៏ស្រទន់»។ សម្តេចធិបតីបានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើបដិវត្តកម្មយ៉ាងខ្លាំងក្លាទៅលើសេដ្ឋកិច្ច សេវាសាធារណៈ សន្តិសុខ និងការប្រកួតប្រជែង ក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក។ ក្នុងដំណើរកាលនេះ លោកបានគូសបញ្ជាក់ថា បញ្ហាប្រឈមនៅចំពោះមុខ មិនមែនជាសំណួរដែលថា តើ AI នឹងផ្លាស់ប្តូរអនាគតឬយ៉ាងណានោះទេ ប៉ុន្តែជាសំណួរថា តើត្រូវធ្វើដូចម្តេច ដើម្បីធានាថាអត្ថប្រយោជន៍ពី AI នឹងអាចទទួលបានប្រកបដោយសមធម៌ ការទទួលខុសត្រូវ និងនិរន្តរភាពសម្រាប់ប្រទេសនីមួយៗ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាផ្តល់តម្លៃខ្ពស់ចំពោះការចូលរួមប្រកបដោយស្មារតីស្ថាបនារបស់ចិន នៅក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើអភិបាលកិច្ច AI តាមរយៈគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ដូចជា គំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល និងផែនការសកម្មភាពអភិបាលកិច្ច AI សកលជាដើម។ តាមការយល់ឃើញរបស់លោក គំនិតផ្តួចផ្តើមទាំងនេះ រួមចំណែកយ៉ាងធំធេងដល់ការបង្កើនកិច្ចសហប្រតិបត្តិការតួភាគីអន្តរជាតិ និងការកសាងសមត្ថភាព AI ជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសលោកខាងត្បូង។ សម្តេចធិបតីបានចាត់ទុកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនេះ ថាបានក្លាយជាវេទិកាដ៏មានសារៈសំខាន់ក្នុងការបង្កើនការចូលរួមក្នុងអភិបាលកិច្ច AI សកល និងបំប្លែងការប្តេជ្ញាចិត្តរួមគ្នារបស់បណ្តាប្រទេសលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យទៅជាកិច្ចសន្ទនា និងភាពជាដៃគូជាក់ស្តែង។
លោកបានសង្កត់ធ្ងន់ថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ក្របខ័ណ្ឌពហុភាគី ដែលបើកចំហរ បរិយាបន្ន និងប្រកបដោយកិច្ចសហប្រតិបត្តិការ គឺពិតជាចាំបាច់ ដើម្បីធានាថាគ្រប់ប្រទេសទាំងអស់ ទោះជាមានកម្រិតនៃការអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏អាចចូលរួម និងទទួលផលប្រយោជន៍ពីបដិវត្តន៍ AI នេះបានដែរ។ សម្រាប់សម្តេចធិបតី អភិបាលកិច្ច AI ពិតប្រាកដ ត្រូវតែជួយបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយត្រូវតែគោរពទៅលើភាពខុសគ្នានៃបរិបទរបស់ជាតិ និងមាគ៌ាអភិវឌ្ឍន៍មូលដ្ឋាន ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រទេសនីមួយៗ។
សម្តេចធិបតីបានលើកឡើងថា សម្រាប់កម្ពុជា មាគ៌ាជាតិត្រូវបានកំណត់ប្រកបដោយអភិក្រមយុទ្ធសាស្ត្រ ដែលនោះគឺ «អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្តែង សម្រាប់អធិបតេយ្យភាពឌីជីថល»។ លោកបានពន្យល់ថា អភិក្រមនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងរបស់ជាតិ និងអាទិភាពបន្ទាន់នៃការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជំនឿដ៏មុតមាំរបស់កម្ពុជាថា អនាគតនៃបច្ចេកវិទ្យា AI សកល ចាំបាច់ត្រូវតែបន្តរក្សាភាពបើកចំហរ និងបរិយាបន្ន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងអស់នៅលើពិភពលោក។ ដើម្បីសម្រេចបាននូវទិសដៅនេះ សម្តេចធិបតីបានស្នើការគិតគូរលើអាទិភាពជាក់ស្តែងចំនួនបី ដើម្បីតម្រង់ទិសដៅនៃសកម្មភាពរួម។
អាទិភាពទីមួយ លោកបានបញ្ជាក់ថាកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន ដោយជឿជាក់ថា AI គួរតែដើរតួជាស្ពានសម្រាប់ការសហប្រតិបត្តិការសកល ជាជាងក្លាយជាចំណុចបំបែកនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ សម្តេចធិបតីបានបង្ហាញការគាំទ្រយ៉ាងសកម្មចំពោះរចនាសម្ព័ន្ធបើកចំហរ និងពហុភាគី ដែលអនុញ្ញាតឱ្យគ្រប់បណ្តាប្រទេស អាចសហប្រតិបត្តិការប្រកបដោយភាពបត់បែន ទោះបីជាមកពីតំបន់ ឬមានប្រព័ន្ធ ឬមានទំនៀមទម្លាប់អភិបាលកិច្ចខុសគ្នាក៏ដោយ។ ក្នុងន័យនេះ លោកបានអំពាវនាវឱ្យមានការបង្កើតសហគមន៍ឌីជីថល ដើម្បីធានាថាប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពទទួលបានយ៉ាងពេញលេញ និងសមធម៌នូវបច្ចេកវិទ្យា AI ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឧបករណ៍កម្រិតវប្បធម៌ ដើម្បីធានាថាគ្មានប្រទេសណាមួយត្រូវបានទុកចោល ឬស្ថិតនៅក្រៅរង្វង់នៃបច្ចេកវិទ្យានៅក្នុងយុគសម័យ AI ឡើយ។
អាទិភាពទីពីរ សម្តេចធិបតីបានផ្តល់អាទិភាពទៅលើកំណើនជាក់ស្តែង ព្រោះអភិបាលកិច្ច AI មិនត្រូវស្ថិតនៅត្រឹមតែក្របខ័ណ្ឌទ្រឹស្តី ឬសេចក្តីប្រកាសនោះទេ ប៉ុន្តែត្រូវតែបំប្លែងទៅជាលទ្ធផលជាក់ស្តែង។ លោកយល់ថា អភិបាលកិច្ចនេះត្រូវតែបើកចំហរន្ថែមទៀតនូវលទ្ធភាពចម្បងនៃបច្ចេកវិទ្យា AI ឈានមុខ (Frontier Models) និងសមត្ថភាពកុំព្យូទ័រ (Computing), ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្រឹះ, ការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញច្បាស់លាស់, ការគាំទ្រប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតក្នុងស្រុកឱ្យកាន់តែរស់រវើក និងការបើកឱកាសថ្មីៗសម្រាប់កំណើនសេដ្ឋកិច្ច។ ដូចនេះ លោកបានជំរុញឱ្យមានការវិនិយោគយ៉ាងខ្លាំងក្លាលើធនធានមនុស្ស តាមរយៈការផ្តោតលើការអប់រំជំនាញច្បាស់លាស់ ការលើកកម្ពស់អក្ខរកម្មឌីជីថល ការធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវឆ្លងដែន និងការអភិវឌ្ឍន៍ធនធានវិស័យ AI ដើម្បីអាចបំពេញនិងបណ្តុះមនុស្សឱ្យមានសមត្ថភាពខ្ពស់សម្រាប់អនាគត ព្រោះលោកបានសង្កត់ធ្ងន់ថា ធនធានមនុស្សនៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការច្នៃប្រឌិត AI ប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន។
អាទិភាពទីបី ដើម្បីកំណត់អាទិភាពជាតិសម្រាប់អភិបាលកិច្ច AI សម្តេចធិបតីបានប្រកាសថាកម្ពុជានឹងអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» នាលេលាខាងមុខ ដើម្បីលើកកម្ពស់ផលិតភាពក្នុងភក្ដិគ្រឹះសហគ្រាសគ្រឹះនានា លើកកម្ពស់គុណភាពជីវិត និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា កម្ពុជាក៏កំពុងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពី «សន្តិសុខសាយប័រ» និងសេចក្តីព្រាងច្បាប់ស្តីពី «ការការពារទិន្នន័យបុគ្គល» ដែលនឹងគាំទ្រដល់ការបំប្លែងកម្មវិធីឌីជីថលប្រកបដោយថាមពល ស្របពេលនឹងការបង្កើតបរិយាកាសវិនិយោគដ៏រឹងមាំ ការប្រកួតប្រជែងដោយយុត្តិធម៌ និងការកសាងទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចឌីជីថល។ ផ្អែកលើចំណុចនេះ សម្តេចធិបតីចង់ឱ្យមានការកសាងក្របខ័ណ្ឌអភិបាលកិច្ច ប្រកបដោយសហប្រតិបត្តិការ បរិយាបន្ន បត់បែន និងភាពទុកចិត្តបាន ដែលយន្តការច្បាប់ត្រូវតែឆ្លើយតបទៅនឹងភាពខុសគ្នានៃសេដ្ឋកិច្ចរបស់សង្គមនីមួយៗ ការពារសិទ្ធិជាមូលដ្ឋាន ធានាបាននូវការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ និងប្រើប្រាស់ទំនុកចិត្តសាធារណៈ ដោយមិនបង្កជាឧបសគ្គដល់ស្មារតីនៃការច្នៃប្រឌិតបច្ចេកវិទ្យានោះឡើយ។
សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកថា អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញដោយការធ្វើសកម្មភាពដាច់ដោយឡែកនោះទេ។ លក្ខណៈឆ្លងដែននៃកាលានុវត្តភាព និងបញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការទទួលខុសត្រូវរួម និងភាពជាដៃគូជាក់ស្តែង។ ក្នុងស្មារតីនេះ លោកបានបញ្ជាក់ថាកម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដែលជួយសម្របសម្រួលការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ការស្រាវជ្រាវរួមគ្នា និងការវិនិយោគប្រកបដោយគោលដៅច្បាស់លាស់ នៅក្នុងប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុងអភិវឌ្ឍន៍សកល។
ក្នុងនាមកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយចិន និងដៃគូអន្តរជាតិទាំងអស់ ដើម្បីរួមគ្នាជំរុញអនាគត AI ដែលប្រកបដោយនវានុវត្តន៍ បរិយាបន្ន សុវត្ថិភាព និងការគោរពយ៉ាងម៉ឺងម៉ាត់លើអធិបតេយ្យភាពជាតិ។ លោកមានជំនឿថា តាមរយៈភាពជាដៃគូដ៏ពិតប្រាកដ ការកសាងទំនុកចិត្ត ការប្រកាន់ខ្ជាប់នូវក្រសីលធម៌ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង គ្រប់ភាគីទាំងអស់នឹងរួមគ្នាធានាថា AI នឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពល ដើម្បីសម្រេចបាននូវវិបុលភាពរួម និងអនាគតដ៏ត្រចះត្រចង់សម្រាប់មនុស្សជាតិទាំងឡាយ៕

