បាងកក៖ សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើងសារជាថ្មីនៅកណ្តាលទីក្រុងបាងកក ដោយគ្រោះអគ្គិភ័យបានលេបត្របាក់ផ្ទះមួយខ្នង ក្នុងខណ្ឌធនបុរី (Thon Buri) កាលពីព្រឹកព្រលឹមថ្ងៃទី១៨ ខែកក្កដា ដោយបានផ្តាច់ជីវិតប្តីប្រពន្ធវ័យចំណាស់មួយគូ និងសត្វឆ្មារហូតដល់ទៅ ៧៣ក្បាល។ ព្រឹត្តិការណ៍នេះ បានបង្កជាការរិះគន់យ៉ាងចាស់ដៃទៅលើស្តង់ដារសុវត្ថិភាពអគ្គិសនី និងប្រសិទ្ធភាពនៃប្រព័ន្ធឆ្លើយតបគ្រោះអាសន្នដែលនៅតែមានចន្លោះប្រហោងធ្ងន់ធ្ងរ។

យោងតាមសេចក្តីរាយការណ៍ ប៉ូលីសពីប៉ស្តិ៍សំរ៉េ (Samre) និងក្រុមពន្លត់អគ្គិភ័យ បានទទួឡសញ្ញាអាសន្ននៅវេលាម៉ោងប្រមាណ ៦ព្រឹក។ ទោះបីជាអាជ្ញាធរបានអះអាងថា ក្រុមសង្គ្រោះបានទៅដល់កន្លែងកើតហេតុក្នុងរយៈពេលត្រឹមតែ ៦នាទីក៏ដោយ ប៉ុន្តែនៅពេលពួកគេមកដល់ អណ្តាតភ្លើងបានឆាបឆេះជាន់ទី១ទាំងស្រុង និងបានរាលដាលដល់ជាន់ទី២ទៅហើយ។ ថ្វីត្បិតតែអគ្គិភ័យត្រូវបានពន្លត់ក្នុងរយៈពេល ១៥នាទីក្រោយមកពិតមែន ប៉ុន្តែវាបានផ្ដាច់ជីវិតមនុស្ស និងសត្វឆ្មាជាច្រើនក្បាលបាត់ទៅហើយ។

ប្តីប្រពន្ធរងគ្រោះ មានអាយុ ៦២ឆ្នាំ និង ៥៨ឆ្នាំ ត្រូវបានរកឃើញស្លាប់នៅក្នុងបន្ទប់ជាន់ទី២ ខណៈដែលសត្វឆ្មាជាង ៣០ក្បាលបានស្លាប់នៅក្នុងទ្រុងនៅកន្លែងកើតហេតុ។ លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានចុះពិនិត្យកន្លែងកើតហេតុ និងបានបញ្ជាក់ថា ចំនួនសត្វឆ្មាដែលបានស្លាប់បានកើនឡើងរហូតដល់ ៧៣ក្បាល ដោយភាគច្រើនស្លាប់ដោយសារការថប់ដង្ហើម និងហ្គាសពុល នៅពេលដែលពួកវាកំពុងជាប់ឃុំនៅក្នុងទ្រុង ដោយគ្មានឱកាសសូម្បីតែរត់គេចខ្លួន។

ដើមហេតុនៃអគ្គិភ័យនេះ ត្រូវបានសន្និដ្ឋានដំបូងថាបណ្តាលមកពីការទុស្សេខ្សែភ្លើង នៅជាន់ផ្ទាល់ដី។ ករណីនេះបង្ហាញយ៉ាងច្បាស់ពីបញ្ហាចាស់ដែលមិនធ្លាប់ត្រូវបានដោះស្រាយដាច់ស្រឡះនៅក្នុងទីក្រុងបាងកក គឺការបណ្តែតបណ្តោយឱ្យមានការប្រើប្រាស់ប្រព័ន្ធអគ្គិសនីចាស់ៗ និងការខ្វះខាតការត្រួតពិនិត្យស្តង់ដារសុវត្ថិភាពតាមផ្ទះសម្បែង រហូតអាចកើតមានសោកនាដកម្មកើតឡើងជាបន្ដបន្ទាប់។


ជនរងគ្រោះទាំង២នាក់ ត្រូវបានគេស្គាល់ថាជាមនុស្សមានចិត្តធម៌ដែលបានលះបង់ធនធាន ដើម្បីមើលថែឆ្មាអនាថាជិត ១០០ក្បាល។ ប៉ុន្តែ បេះដូងសប្បុរសធម៌របស់ពួកគេ ត្រូវមកបញ្ចប់ដោយសោកនាដកម្មយ៉ាងសោកសៅ ក្រោមភាពធូររលុងនៃប្រព័ន្ធសុវត្ថិភាពទីក្រុង។ បច្ចុប្បន្ន មានឆ្មាត្រឹមតែ ១៧ក្បាលប៉ុណ្ណោះដែលត្រូវបានសង្គ្រោះឱ្យមានជីវិត ហើយត្រូវបានបញ្ជូនទៅកាន់ជម្រកសត្វរបស់រដ្ឋបាលក្រុងបាងកក ក្នុងខណ្ឌប្រាវេត ដើម្បីស្វែងរកអ្នកយកទៅចិញ្ចឹមបន្ត។
យ៉ាងណាម៉ិញ ថ្វីបើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ បានរាយការណ៍ថា ប៉ូលីសកំពុងបន្តការស៊ើបអង្កេតពីមូលហេតុពិតប្រាកដ មហាជនទូទៅហាក់លែងចង់បានត្រឹមតែ «ការចូលរួមរំលែកទុក្ខ» ឬ «សេចក្តីថ្លែងការណ៍សោកស្តាយ» ពីសំណាក់អាជ្ញាធរទៀតហើយ។ អ្វីដែលសង្គមត្រូវការជាចាំបាច់ គឺវិធានការណ៍តឹងរ៉ឹង ការត្រួតពិនិត្យសុវត្ថិភាពពិតប្រាកដ និងការកែទម្រង់ប្រព័ន្ធអាសន្ន ដើម្បីកុំឱ្យជីវិតមនុស្ស និងសត្វអនាថា ត្រូវមកបាត់បង់ដោយសារតែភាពធ្វេសប្រហែសជាប្រព័ន្ធបែបនេះបន្តទៀត៕

