អាស្រូវក្នុងរង្វង់ព្រះពុទ្ធសាសនានៅប្រទេសថៃ បានផ្ទុះឡើងសារជាថ្មីម្តងទៀតនៅក្នុងខេត្តឡើយ (Loei) បន្ទាប់ពីប្រជាពលរដ្ឋបានឡោមព័ទ្ធ និងចាប់ខ្លួនព្រះសង្ឃមួយអង្គដែលបានលួចចូលផ្ទះប្រជាពលរដ្ឋ និងប៉ុនប៉ងរំលោភបំពានផ្លូវភេទលើស្ត្រីវ័យក្មេងម្នាក់ អំឡុងពេលដែលព្រះសង្ឃរូបនោះស្ថិតក្នុងស្ថានភាពស្រវឹងថ្នាំញៀនយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍ដ៏អាម៉ាស់នេះមិនត្រឹមតែបង្កើតឱ្យមានការភ័យខ្លាចដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្ដុតាងរំលេចយ៉ាងច្បាស់អំពីភាពធូររលុង និងការបរាជ័យយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធគ្រប់គ្រងសង្ឃ និងវិធានការបង្ក្រាបគ្រឿងញៀនរបស់អាជ្ញាធរថៃ។
នគរបាលថៃបានចុះទៅដល់កន្លែងកើតហេតុក្នុងឃុំបានភើម (Ban Phoem) ស្រុកផាខាវ (Pha Khao) បន្ទាប់ពីទទួលបានការរាយការណ៍ថា មានបុរសម្នាក់ស្លៀកស្បង់ចីវរ និងពាក់អាវយឺត ត្រូវបានអ្នកភូមិចាប់ចងដៃជើងដោយខ្សែពួរ ក្រោយពីបានលួចចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះអាយុ ១៨ឆ្នាំម្នាក់។ ជនរងគ្រោះបានរៀបរាប់ថា នៅពេលដែលនាងនៅផ្ទះម្នាក់ឯង ព្រះសង្ឃរូបនេះស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនយ៉ាងខ្លាំង បានចូលមកបំពាន និងប៉ុនប៉ងរំលោភបំពានរូបរាងកាយនាង ហើយនាងក៏បានស្រែកឱ្យគេជួយ រហូតដល់អ្នកជិតខាង និងសាច់ញាតិស្ទុះមកអន្តរាគមន៍ និងចាប់ខ្លួនបានភ្លាមៗ។

ជនល្មើសត្រូវបានគេស្គាល់ឈ្មោះថា ចាឡើមឆៃ (Chalermchai) គង់នៅអាស្រមព្រៃមួយកន្លែងក្នុងឃុំកើតហេតុ។ អំឡុងពេលសាកសួរ ព្រះសង្ឃរូបនេះបានសារភាពថា ខ្លួនបានប្រើប្រាស់ថ្នាំញៀនប្រភេទយ៉ាប៉ា ឬ មេតំហ្វេតាមីន (Methamphetamine) មុនពេលប្រព្រឹត្តអំពើល្មើស ហើយលទ្ធផលនៃការពិនិត្យទឹកនោម សមត្ថកិច្ចក៏បានបញ្ជាក់ថា មានផ្ទុកសារធាតុញៀនពិតប្រាកដមែន ក្រោយពិនិត្យរួចសមត្ថកិច្ចបាននាំសង្ឃអង្គនោះទៅផ្សឹក និងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់។

ជារួម ករណីព្រះសង្ឃប្រើប្រាស់គ្រឿងញៀន និងប៉ុនប៉ងរំលោភបំពានផ្លូវភេទស្រ្តីដល់ក្នុងផ្ទះនៅខេត្តឡើយ បានបង្ហាញយ៉ាងច្បាស់អំពីចន្លោះប្រហោងផ្នែកច្បាប់ និងយន្តការគ្រប់គ្រងស្ថាប័នសាសនានៅប្រទេសថៃ។ ផ្អែកលើអង្គហេតុ អាជ្ញាធរ និងគណៈសង្ឃនាយកថៃនៅមានកម្រិតក្នុងការត្រួតពិនិត្យ និងចាត់វិធានការបង្ការជាមុន ចំពោះការជ្រៀតជ្រែកនៃគ្រឿងញៀនចូលក្នុងវត្តអារាម និងអាកប្បកិរិយារបស់បុគ្គលក្នុងស្បង់ចីវរ។ ប្រសិនបើគ្មានការបង្កើតប្រព័ន្ធត្រួតពិនិត្យប្រវត្តិ និងសារធាតុញៀនលើព្រះសង្ឃឱ្យបានម៉ត់ចត់ រួមជាមួយនឹងការរឹតបន្តឹងច្បាប់ពាក់ព័ន្ធទេនោះ បញ្ហានេះនឹងនៅតែជាហានិភ័យចំពោះសុវត្ថិភាពសង្គម និងបន្តប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈជាហូរហែ៕
